ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ថ្កោលទោស​កូឡុំប៊ី ចំពោះការ​ផ្តាច់ទំនាក់ទំនង​ការទូត

China Daily

យេរ៉ូសាឡឹម៖ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានថ្កោលទោសប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ចំពោះការសម្រេចចិត្តផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ជុំវិញជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា។

លោក Katz បានចោទប្រកាន់លោក Petro នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាជា “អ្នកប្រឆាំងដ៏គួរឱ្យស្អប់ខ្ពើម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Katz បានសរសេរថា “ទំនាក់ទំនងរវាងអ៊ីស្រាអែល និងកូឡុំប៊ី តែងតែមានភាពកក់ក្តៅ” ដោយបន្ថែមថា លោក Petro “នឹងមិនអាចផ្លាស់ប្តូរវាបាននោះទេ” ។

កាលពីព្រឹកថ្ងៃពុធ លោក Petro បានឲ្យដឹងនៅក្នុងសុន្ទរកថាជាសាធារណៈនៅទីក្រុង Bogota ថា “ថ្ងៃស្អែកយើងនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយរដ្ឋអ៊ីស្រាអែល សម្រាប់ការមានរដ្ឋាភិបាល សម្រាប់ការមានប្រធានាធិបតី ដែលប្រល័យពូជសាសន៍” ។

លោក Petro បានរិះគន់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា និងបានស្នើសុំឱ្យចូលរួមបណ្តឹងរបស់អាហ្វ្រិកខាងត្បូង នៅតុលាការយុត្តិធម៌អន្តរជាតិដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។

ការវាយប្រហារសងសឹករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាសបានសម្លាប់មនុស្សជាង ៣៤,៥០០នាក់ ដែលភាគច្រើនជាជនស៊ីវិល បានផ្លាស់ទីលំនៅប្រជាជនភាគច្រើននៃតំបន់ហ្គាហ្សាចំនួន ២,៣លាននាក់ និងបានបង្កឱ្យមានភាពអត់ឃ្លាន និងការបំផ្លិចបំផ្លាញនៅទូទាំងតំបន់៕ប្រែសម្រួល ឈូក បូរ៉ា

To Top