ព័ត៌មានអន្តរជាតិ

មេដឹកនាំ​អ៊ីរ៉ង់ ថ្កោលទោស​ អំពើ​ហិង្សា​របស់​ប៉ូលិស​អាមេរិក លើ​បាតុករ​គាំទ្រ​ប៉ាឡេស្ទីន

Xinhua

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានអះអាងជាថ្មីនូវការថ្កោលទោសចំពោះការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះ “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែល នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ខណៈកំពុងធ្វើអត្ថាធិប្បាយលើអាកប្បកិរិយាដ៏ឃោរឃៅរបស់ប៉ូលិសអាមេរិក ប្រឆាំងនឹងក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅក្នុងបរិវេណមហាវិទ្យាល័យនានានៅអាមេរិក។

លោកបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំជាមួយក្រុមគ្រូបង្រៀន និងអ្នកសិក្សានៅក្នុងរដ្ឋធានីតេអេរ៉ង់ ក្នុងឱកាសទិវាគ្រូបង្រៀនជាតិ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់លោក។

លោក Khamenei បានលើកឡើងថា អាកប្បកិរិយារបស់សហរដ្ឋអាមេរិក គឺបង្ហាញពី “ភាពជាដៃគូ និងភាពស្មុគស្មាញរបស់ខ្លួនជាមួយប្រទេសអ៊ីស្រាអែល នៅក្នុងឧក្រិដ្ឋកម្មដ៏គួរឱ្យរន្ធត់ និងអំពើបាបដែលមិនអាចអត់ទោសបាន ចុងក្រោយនេះ”។

លោកបានគូសបញ្ជាក់ពីជម្លោះនៅតំបន់ហ្គាហ្សាថាជា “បញ្ហាទីមួយរបស់ពិភពលោក” ដោយជំរុញឱ្យមានសម្ពាធជាសកលបន្ថែមទៀតលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយលុករបស់ខ្លួននៅក្នុងរង្វង់ប៉ាឡេស្ទីន។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍កាលពីថ្ងៃអង្គារថាបាតុករគាំទ្រប៉ាឡេស្ទីនជាង ១,០០០ នាក់ត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈដែលបាតុកម្មប្រឆាំងសង្គ្រាមនៅតែបន្តកើតមាននៅសាកលវិទ្យាល័យអាមេរិកជាង ២០៕ប្រែសម្រួល ឈូក បូរ៉ា

To Top