វៀតណាម៖ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៃទិវាបង្រួបបង្រួមជាតិ និងទិវាពលកម្មរយៈពេល ៥ ថ្ងៃ បានបញ្ចប់កាលពីថ្ងៃពុធ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣៤៧ លើក ដែលបណ្តាលឲ្យមនុស្សចំនួន ១៣៨ នាក់បានស្លាប់ និងរបួសចំនួន ២៨៥ នាក់ នៅប្រទេសវៀតណាម។
បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលជាថ្ងៃឈប់សម្រាករយៈពេល ៥ ថ្ងៃ ចំនួនគ្រោះថ្នាក់បានថយចុះ ៩.១ភាគរយ ស្លាប់ ៣២.៣ភាគរយ និងរបួស ១.៣ភាគរយ។ នៅទូទាំងប្រទេស នគរបាលចរាចរណ៍បានរៀបចំការល្បាតជាង ១៩.៦០០នាក់ ដើម្បីធានាសុវត្ថិភាពចរាចរណ៍។
ពួកគេបានដោះស្រាយករណីល្មើសច្បាប់ជាង ៧៨.០០០ ករណី ប្រមូលពិន័យជាប្រាក់ជាង ១៧១ ពាន់លានដុង (៦,៧៣ លានដុល្លារ) និងរឹបអូសរថយន្តជិត ៧៥០ គ្រឿង និងម៉ូតូ ២៩.៣០០ គ្រឿងជាបណ្ដោះអាសន្ន និងដកហូតប័ណ្ណបើកបរជាង ១៥.៣០០ គ្រឿង។
ល្មើសភាគច្រើនពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង (២១.៤០០ករណី) និងល្មើសល្បឿន២១.០០០ករណី។ អ្នកបើកបរចំនួន ៩០ នាក់បានធ្វើតេស្តវិជ្ជមានចំពោះគ្រឿងញៀន ហើយរថយន្តចំនួន ៩០០ គ្រឿងត្រូវបានរកឃើញថាផ្ទុកលើសទម្ងន់ ឬកែប្រែដោយខុសច្បាប់។
យោងតាមក្រសួងសន្តិសុខសាធារណៈបានប្រាប់ឲ្យដឹងថា សុវត្ថិភាព និងសណ្តាប់ធ្នាប់ផ្លូវថ្នល់ត្រូវបានរក្សាជារួម ដោយបរិមាណចរាចរណ៍បានឡើងដល់កំពូលនៅថ្ងៃដំបូង និងថ្ងៃចុងក្រោយនៃថ្ងៃឈប់សម្រាក។
នៅថ្ងៃទី ២៧-២៨ ខែមេសា និងថ្ងៃទី១ ឧសភា មានការកកស្ទះនៅលើផ្លូវហាយវេ និងផ្លូវល្បឿនលឿនជាច្រើននៅច្រកចូលភាគខាងជើង និងខាងត្បូងទៅកាន់ទីក្រុងហាណូយ។ នៅទីក្រុងហូជីមិញ និងតំបន់ជិតខាង ចរាចរណ៍បានកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅលើផ្លូវល្បឿនលឿនដែលឆ្ពោះទៅទីក្រុង៕