បរទេស៖យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកាលពីល្ងាចថ្ងៃព្រហស្បតិ៍ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបើកការវាយប្រហារអគារមួយដែលត្រូវបានប្រើប្រាស់ដោយកងកម្លាំងសន្តិសុខស៊ីរី នៅខាងក្រៅទីក្រុង Damascus នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពសន្តិសុខដែលនៅខាងភាគីជាមួយរដ្ឋាភិបាលស៊ីរី។
ក្នុងនោះផងដែរទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ស៊ីរីបានដកស្រង់ប្រភពសន្តិសុខរបស់ខ្លួនថា ទាហាន ៨ នាក់ត្រូវបានសម្លាប់ហើយនិងខូចខាតសម្ភារៈ ជាច្រើនផ្សេងទៀតប៉ុន្តែមិនបានបញ្ជាក់គោលដៅច្បាស់លាស់នោះទេហើយប្រភពដដែលបាន ឲ្យដឹងទៀតថាមីស៊ីលត្រូវបានបាញ់ចេញពីតំបន់ Golan Heights ដែលអ៊ីស្រាអែលកាន់កាប់។
ទោះបីជាយ៉ាងណាក្តីអាជ្ញាធរអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះនៅឡើយទេហើយរដ្ឋាភិបាលទីក្រុងយេរូសាឡឹមជាធម្មតាគឺមិនងាយទទួលស្គាល់ការវាយប្រហារនៅខាងក្រៅទឹកដីរបស់ខ្លួននោះទេ។
ការវាយប្រហារតាមសេចក្តីរាយការណ៍នេះបានកើតឡើងចំពេលមានភាពតានតឹងបន្តរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ដូចជាសង្រ្គាមរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ដែលកំពុងតែឈានចូលដល់ខែទី៧នៅសប្តាហ៍ក្រោយ៕
ប្រែសម្រួល៖ស៊ុនលី