ព័ត៌មានអន្តរជាតិ

តួកគី បញ្ឈប់ពាណិជ្ជកម្ម ទាំងអស់ ជាមួយអ៊ីស្រាអែល

AFP

អង់ការ៉ា៖ តួកគី បានបញ្ឈប់ការនាំចេញ និងការនាំចូលទាំងអស់ទៅកាន់ និងមកពីប្រទេសអ៊ីស្រាអែល នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។

គេហទំព័រ Bloomberg បានរាយការណ៍ថា ទីក្រុងអង់ការ៉ា បានបញ្ឈប់ពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល គិតត្រឹមថ្ងៃព្រហស្បតិ៍ ជុំវិញការកើនឡើងភាពតានតឹងដោយសារតែជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយដកស្រង់សម្តីមន្ត្រីតួកគី ដែលមិនបញ្ចេញ ឈ្មោះពីរនាក់ ដែលដឹងពីបញ្ហានេះ។

មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានចេញដោយរដ្ឋាភិបាលតូកគី លើវានៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

កាលពីថ្ងៃព្រហស្បតិ៍ផងដែរ រដ្ឋមន្ត្រីការបរទេស អ៊ីស្រាអែលលោក Israel Katz បានសរសេរនៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គម X ថាប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan “កំពុងបំពានកិច្ចព្រមព្រៀងដោយការបិទច្រក សម្រាប់ការនាំចូល និងការនាំចេញរបស់អ៊ីស្រាអែល”។

លោក Katz បានចោទប្រកាន់លោក Erdogan ថា “មិនយកចិត្តទុកដាក់ ចំពោះផលប្រយោជន៍របស់ប្រជាជន និងអ្នកជំនួញតួកគី ហើយមិនអើពើកិច្ចព្រមព្រៀង ពាណិជ្ជកម្មអន្តរជាតិ” ដោយបន្ថែមថា លោកបានណែនាំ ក្រសួងរបស់លោកឱ្យ “ចូលរួមភ្លាមៗ ជាមួយភាគីពាក់ព័ន្ធទាំងអស់នៅក្នុងរដ្ឋាភិបាល ដើម្បីបង្កើតជម្រើសជំនួស សម្រាប់ពាណិជ្ជកម្មជាមួយតួកគី ដោយផ្តោតលើមូលដ្ឋាន ផលិតកម្ម និង​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀត”។

ការផ្លាស់ប្តូរពាណិជ្ជកម្ម ដែលបានរាយការណ៍ របស់ទីក្រុង អង់ការ៉ា បានកើតឡើងបន្ទាប់ពីតួកគី បានដាក់កម្រិតរួច ហើយលើការ នាំចេញទៅកាន់ប្រទេស អ៊ីស្រាអែល ចាប់តាំងពីខែមុន ដែលទីក្រុងអង់ការ៉ា បានឲ្យដឹងថានឹងនៅតែមាន សុពលភាពដោយរង់ចាំបទ ឈប់បាញ់នៅហ្គាហ្សា៕
ប្រែសម្រួល ឈូក បូរ៉ា

To Top