គៀវ៖ ទីភ្នាក់ងារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៤ នេះថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីពិភាក្សាអំពីជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន។
នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង ក្នុងទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ លោក Zelensky បានថ្លែងអំណរគុណដល់ រដ្ឋាភិបាលអង់គ្លេសសម្រាប់ការអនុម័ត កញ្ចប់ជំនួយយោធាដ៏ធំបំផុត មិនធ្លាប់មានសម្រាប់អ៊ុយក្រែន ដែលមានតម្លៃ៥០០លានផោន ស្មើនឹង ៦៣០លានដុល្លារសហរដ្ឋអាមេរិក ។
លោក Zelensky បានសង្កត់ធ្ងន់ថា “ការផ្តល់កញ្ចប់នេះ រួមជាមួយនឹងការសម្រេចចិត្តដ៏សំខាន់ របស់សហរដ្ឋអាមេរិកក្នុងការផ្តល់ជំនួយ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ ពួកយើងនៅក្នុងពេលវេលាដ៏សំខាន់នេះ” ។
លោកបានរៀបរាប់ដល់លោក Cameron អំពីស្ថានភាពនៅជួរមុខនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយបានជំរុញឱ្យភាគីអង់គ្លេស ផ្តល់អាវុធភ្លាមៗជាផ្នែកនៃកញ្ចប់ជំនួយ ។
លោក Zelensky បានគូសបញ្ជាក់យ៉ាងជាក់លាក់នូវ ប្រភេទអាវុធដែលអ៊ុយក្រែនត្រូវការ រួមទាំងរថពាសដែក គ្រាប់រំសេវ និងមីស៊ីលផ្សេងៗ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា