តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ ដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ រួមទាំងការពង្រឹងការការពារព្រៃ អាម៉ាហ្សូនផងដែរ។
ក្នុងអំឡុងពេលកិច្ចពិភាក្សា របស់ពួកគេនៅប្រទេសប្រេស៊ីលលោក គីស៊ីដា និងលោក Lula បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហប្រតិបត្តិការដ៏ទូលំទូលាយមួយ ស្តីពីការបំបែកកាបូន និងបញ្ហាបរិស្ថានផ្សេងទៀត។
កិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមភាពជាដៃគូបៃតងបង្ហាញពីការរួមចំណែកផ្នែកហិរញ្ញវត្ថុ និងជំនួយសម្រាប់ការបង្កើតឡើងវិញនូវដីស្រែ ដែលខូចគុណភាព ដើម្បីការពារការកាប់បំផ្លាញព្រៃឈើ និងលើកកម្ពស់កសិកម្មប្រកបដោយនិរន្តរភាព។
បន្ទាប់ពីកិច្ចប្រជុំនេះ លោក គីស៊ីដា បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នា ជាមួយលោក Lula ថាប្រទេសជប៉ុននឹង “ចូលរួមចំណែកក្នុងការ សម្រេចបាននូវអព្យាក្រឹតភាពកាបូន នៅក្នុងពិភពលោក” ខណៈដែលលោក Lula បានអំពាវនាវ ឱ្យមានការវិនិយោគបន្ថែមទៀត នៅក្នុងអាជីវកម្មថាមពលស្អាត ដោយថាការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធ្ងន់ធ្ងរ៕
ប្រែសម្រួល ឈូក បូរ៉ា