ព័ត៌មានអន្តរជាតិ

ជប៉ុន អាមេរិក និងអូស្ត្រាលី ចុះកិច្ចព្រមព្រៀង សហប្រតិបត្តិការ បច្ចេកវិទ្យាការពារជាតិ

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការពារជាតិនៃប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការលើបច្ចេកវិទ្យាថ្មី រួមទាំងប្រព័ន្ធស្វយ័ត ខណៈដែលពួកគេបង្កើនទំនាក់ទំនងសន្តិសុខចំ ពេលមានការពង្រឹងយោធារបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំ របស់ពួកគេនៅរដ្ឋហាវ៉ៃ អ្នកទាំងបីក៏បានឲ្យដឹងថា កងកម្លាំងរបស់ពួកគេមានគោលបំណង ធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីលការពារដែន អាកាសក្នុងតំបន់នៅឆ្នាំ២០២៧ នៅឯសមយុទ្ធយោធាពហុជាតិជាទៀងទាត់ ។

កិច្ចចរចាបីផ្លូវរវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន Minoru Kihara រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Marles បានធ្វើឡើងមុនកិច្ចប្រជុំបួនជ្រុងរបស់ពួកគេ ដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Gilberto Teodoro ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្រ្តីការពារជាតិទាំង ៣រូបបានឲ្យដឹងថា ពួកគេនឹង “ពិភាក្សាបន្ថែមទៀតអំពីឱកាសសហប្រតិបត្តិការ” នៅក្នុងបច្ចេកវិទ្យាទំនើប រួមទាំងផ្នែកនៃ “យន្តហោះប្រយុទ្ធដែលសហការគ្នា និងសម្ភារៈអវកាសចម្រុះផងដែរ”។

ពួកគេបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាថ្មី នឹងត្រូវបន្តក្រោមការរៀប ចំគម្រោងស្រាវជ្រាវ ការអភិវឌ្ឍន៍ ការធ្វើតេស្ត និងវាយតម្លៃត្រីភាគីថ្មី៕
ប្រែសម្រួល ឈូក បូរ៉ា

To Top