តបតាមការអញ្ជើញ របស់លោកMacron ប្រធានាធិបតីសាធារណរដ្ឋបារាំង លោកVučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោកSulyok ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិននឹងអញ្ជើញ ទៅបំពេញ ទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសទាំងបីនេះ ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែឧសភា ។ នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកប្រធានរដ្ឋចិន Xi Jinpingក្នុងឆ្នាំនេះ ហើយក៏ជាសកម្មភាពសំខាន់មួយក្នុងការផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទងរវាងចិននិងអឺរ៉ុបក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះផងដែរ ។
ឥស្សរជនគ្រប់មជ្ឈដ្ឋាន នៃប្រទេសបារាំងបានថ្លែងថា ស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោក Xi Jinping ។ ឆ្នាំនេះស្របនឹងខួបទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិននិងបារាំង ដំណើរទស្សនកិច្ចរបស់លោក Xi Jinping លើកនេះមានសារសំខាន់ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ វាពិតជានឹងនាំមកនូវឱកាសកាន់តែច្រើន ដល់ការអភិវឌ្ឍនៃប្រទេសទាំងពីរជាក់ជាមិនខាន ។
ខណៈដែលលោក Xi Jinping ប្រធានរដ្ឋចិនជិតនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង បណ្តាញទូរទស្សន៍សកលចិន( CGTN) នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសកលវិទ្យាល័យ Renmin នៃប្រទេសចិន បានរួមសហការធ្វើការស្ទង់ប្រជាមតិ ចំពោះអ្នកផ្តល់បទសម្ភាសន៍ ជនជាតិបារាំងចំនួន ១៥១៣ នាក់ ដែលបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨០,២% បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសធំមួយ ដែលមានកម្លាំងឥទ្ធិពលខ្លាំង អ្នកផ្តល់បទសម្ភាសន៍ចំនួន៧០,៣% បានសម្គាល់ឃើញថា ប្រទេសចិនជាប្រទេសដ៏ជោគជ័យមួយ ។
ក្នុងរយៈពេល៦០ឆ្នាំ បន្ទាប់ពីចិននិងបារាំងបង្កើតទំនាក់ទំនងការទូតមក ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង៨០០ដង ។ ការអភិវឌ្ឍប្រកប ដោយគុណភាពខ្ពស់និងការបើកទូលាយប្រកបដោយកម្រិតខ្ពស់របស់សេដ្ឋកិច្ចចិន នឹងនាំមកនូវឱកាសពាណិជ្ជកម្មថែមទៀតដល់សហគ្រាសបារាំង ហើយទីផ្សារចិនដែលមានទ្រង់ទ្រាយធំធេងក៏នឹងផ្តល់ឱកាសអភិវឌ្ឍន៍យ៉ាង ទូលំទូលាយដល់សហគ្រាសបារាំងផងដែរ ។ ភាគីទាំងពីរចិននិងបារាំងរំពឹងទុក ចាត់ទុកដំណើរទស្សនកិច្ចលើកនេះ ជាឱកាស ដើម្បីពង្រឹងថែមមួយកម្រិតទៀត នូវការកសាងទំនុកចិត្តខាង នយោបាយរវាងគ្នានិងគ្នា បង្កើន សាមគ្គីភាព និងកិច្ចសហប្រតិបតិ្តការ ក៏ដូចជាជំរុញទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្រដោយគ្រប់ជ្រុង ជ្រោយរវាងចិននិងបារាំងឡើងដល់កម្រិតថ្មីទៀត ។
គោលដៅទីពីរនៃដំណើរទស្សនកិច្ច របស់លោក Xi Jinping គឺប្រទេសស៊ែប៊ី ស៊ែប៊ីជាមិត្តដែកថែបរបស់ប្រទេសចិន ទំនាក់ទំនងនៃប្រទេសទាំងពីរ បានឆ្លងកាត់ការពិសោធន៍ ពីស្ថានការណ៍ អន្តរជាតិដែលប្រែប្រួលឥតឈប់ឈរ ហើយត្រូវគេហៅថាជាគំរូនៃទំនាក់ទំនង ដ៏មេត្រីភាពរវាងប្រទេសចិន និងប្រទេសអឺរ៉ុប ។ ដោយសារទទួលបានផលប្រយោជន៍ពីគំនិតផ្តួចផ្តើមស្តីពី “ខ្សែក្រវាត់និងផ្លូវ” បានជាគម្រោងធំៗមួយចំនួនលើវិស័យហេដ្ឋារចនាសម័្ពន្ធ ឧស្សាហកម្មរ៉ែនិងថាមពលជាដើម ត្រូវបានអនុវត្ត ព្រមទាំងទទួលសមិទ្ធផលនៅទូទាំងប្រទេសស៊ែប៊ី ។ ក្នុងអំឡុងពេលវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការ អន្តរជាតិកាលពីឆ្នាំមុន ប្រទេសទាំងពីរបានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបតិ្តការ គ្រប់ផ្នែកចំនួន១៨ច្បាប់ រីឯទំហំ នៃកិច្ចព្រមព្រៀងទាំងនេះមានចំនួនច្រើនដល់រាប់ពាន់លានប្រាក់អឺរ៉ូ ។ ក្រៅពីនេះ សហគ្រាសចិនកាន់តែច្រើនឡើងៗ បានទៅបណ្តាក់ទុននៅប្រទេសស៊ែប៊ី ដែលបានរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃប្រទេសស៊ែប៊ី ។
ឆ្នាំនេះជាខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងហុងគ្រី ក្នុងគ្រាប្រវតិ្តសាស្ត្រដែលបន្តសមិទ្ធផលចាស់និងត្រួសត្រាយអនាគតថ្មីនេះ គ្មានអ្វីគួរឱ្យសង្ស័យឡើយ ដំណើរទស្សនកិច្ចរបស់លោក Xi Jinping នៅហុងគ្រី ពិតជានឹងក្លាយជាដំណើរទស្សនកិច្ចដែលមានសារសំខាន់ ជានិមិត្តសញ្ញាក្នុងប្រវត្តិសាស្ត្រ នៃទំនាក់ទំនងរវាងចិននិងហុងគ្រីជាក់ជាមិនខាន ។ ប៉ុន្មានឆ្នាំកន្លងទៅនេះ ហុងគ្រីបានកាន់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមគោលដៅវិនិយោគនៅតំបន់ភាគកណ្តាលនិងខាងកើតនៃអឺរ៉ុបរបស់ប្រទេសចិន ។ ហុងគ្រីជាប្រទេសអឺរ៉ុបមុនគេបង្អស់ ដែលបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបតិ្តការ “ខ្សែក្រវាត់និងផ្លូវ”ជាមួយចិន លោក Orbánនាយករដ្ឋមន្រ្តីហុងគ្រីធ្លាប់ ចូលរួមវេទិកាកំពូលស្តីពី “ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបតិ្តការ អន្តរជាតិបីលើកជាប់ៗគ្នា ។ ប្រទេសទាំងពីរចិននិងហុងគ្រីសុទ្ធតែគាំទ្រ យ៉ាងមុតមាំដល់ការបង្កើន ការតភ្ជាប់គ្នា ផ្តួចផ្តើមឱ្យបង្កើតពហុប៉ូលភាវូបនីយកម្ម ពិភពលោកដែលប្រកបដោយសមភាពនិង របៀបរៀបរយ ក៏ដូចជាសកលភាវូបនីយកម្មសេដ្ឋកិច្ច ដែលប្រកបដោយបរិយាប័ន្ននិងអាចផ្តល់ ផលប្រយោជន៍ជាទូទៅ ហើយប្រកាន់ជំហរច្បាស់លាស់ក្នុងការប្រឆាំង “ការផ្តាច់ទំនាក់ទំនង”និងធ្វើបដិបក្ខគ្នាជាក្រុម ។
បច្ចុប្បន្ននេះ ស្ថានភាពពិភពលោក មានបម្រែបម្រួល និងភាពរង្គោះរង្គើយ៉ាងខ្លាំង ដូច្នេះ ការប្រាស្រ័យទាក់ទងនិងកិច្ច សហប្រតិបតិ្តការរវាងចិននិងអឺរ៉ុប កាន់តែមានសារសំខាន់ថែមទៀត ។ ពិភពលោកត្រូវការចិននិងអឺរ៉ុបចាប់ដៃគ្នា រួមគ្នាគាំពារនិងអនុវត្តពហុភាគីនិយម ដ៏ពិតប្រាកដ រួមគ្នាទប់ទល់នឹងកាប្រឈមជាលក្ខណៈសកល ក្នុងន័យបំពេញបន្ថែមភាពប្រាកដប្រជា ដល់ពិភពលោកអស្ថិរភាព ។ ដំណើរទស្សនកិច្ចរបស់លោក Xi Jinpingលើកនេះនឹងជំរុញឱ្យចិននិងអឺរ៉ុបប្រកាន់ខ្ជាប់ទិសដៅត្រឹមត្រូវនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយ ពង្រឹងការកសាងទំនុកចិត្តខាង នយោបាយរវាងគ្នានិងគ្នា បង្កើនសាមគ្គីភាពនិងកិច្ចសហប្រតិបតិ្តការ ដើម្បីបំពេញបន្ថែមកម្លាំងចលករថ្មី ដល់ការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុបប្រកបដោយភាពល្អបរិសុទ្ធនិងសិ្ថរភាព ក៏ដូចជារួមចំណែកថ្មីដល់ការជំរុញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ របស់ពិភពលោកផងដែរ ៕