បរទេស៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា ទឹកជំនន់ដ៏ធំនៅក្នុងរដ្ឋ Rio Grande do Sul ភាគខាងត្បូងប្រទេសប្រេស៊ីល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧៥ នាក់ក្នុងរយៈពេល៧ថ្ងៃចុងក្រោយនេះ ហើយមនុស្ស ១០៣ នាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១៥៥ នាក់បានរងរបួស ខណៈដែលការខូចខាតដោយសារភ្លៀង បានបង្ខំមនុស្សជាង ៨៨.០០០ នាក់ចេញពីផ្ទះ ។ ប្រជាជនប្រហែល ១៦.០០០ នាក់បានជ្រកកោននៅក្នុងសាលារៀន កន្លែងហាត់ប្រាណ និងកន្លែងស្នាក់នៅបណ្តោះអាសន្នផ្សេងទៀត។
ទឹកជំនន់បានបន្សល់ទុកនូវការបំផ្លិចបំផ្លាញ រួមទាំងការបាក់ដី ផ្លូវដែលត្រូវទឹកជន់លិច និងស្ពានបាក់នៅទូទាំងរដ្ឋ។ ប្រតិបត្តិករបានរាយការណ៍ពីការកាត់ផ្តាច់ចរន្តអគ្គិសនី និងទំនាក់ទំនង។ ប្រតិបត្តិករបានរាយការណ៍ពីការកាត់ផ្តាច់ចរន្តអគ្គិសនី និងទំនាក់ទំនង។ យោងតាមទីភ្នាក់ងារការពារជនស៊ីវិល ដែលដកស្រង់តួលេខពីក្រុមហ៊ុនទឹក Corsan បានឱ្យដឹងថា មនុស្សជាង ៨០០.០០០ នាក់គ្មានការផ្គត់ផ្គង់ទឹកទេ។
ក្រុមជួយសង្គ្រោះបានទាញបុរសចំណាស់ម្នាក់ដែលមានស្ថានភាពសុខភាពធ្ងន់ធ្ងរចូលទៅក្នុងឧទ្ធម្ភាគចក្រពីតំបន់ដាច់ស្រយាលមួយក្នុងក្រុង Bento Goncalves, នេះបើយោងតាមវីដេអូពីក្រុមពន្លត់អគ្គីភ័យយោធា។ ទឹកពណ៌ត្នោតហូរពេញទំនប់ក្បែរនោះ៕ ប្រែសម្រួលៈ ណៃ តុលា