ព័ត៌មានអន្តរជាតិ

រុស្ស៊ី ​ចេញ​ឱសានវាទ ​ផ្នែកយោធា​ដល់​អង់គ្លេស ចំពោះអាវុធ ដែលបានផ្តល់ឱ្យអ៊ុយក្រែន

បរទេស ៖ ទីក្រុងមូស្គូនឹងសងសឹកប្រឆាំង នឹងគោលដៅរបស់អង់គ្លេសនៅអ៊ុយក្រែន ឬកន្លែងផ្សេងទៀត ប្រសិនបើទីក្រុងកៀវ ប្រើប្រាស់មីស៊ីល ដែលផ្តល់ដោយចក្រភព អង់គ្លេស ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ។ នេះបើតាមមន្រ្តីក្រសួងការបរទេសរុស្ស៊ី បានប្រាប់ឯកអគ្គរដ្ឋទូត ទីក្រុងឡុងដ៍កាលពីថ្ងៃចន្ទ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅរុស្ស៊ី លោក Nigel Casey ត្រូវបានកោះហៅទៅកាន់ក្រសួង បន្ទាប់ពីការកត់សម្គាល់ របស់រដ្ឋមន្ត្រីការបរទេស អង់គ្លេស លោក David Cameron ទៅកាន់សារព័ត៌មាន Reuters ថា អ៊ុយក្រែនមានសិទ្ធិ ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ដែលចក្រភពអង់គ្លេសបញ្ជូន មកដើម្បីវាយប្រហារជ្រៅ នៅក្នុងប្រទេសរុស្ស៊ី។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនោះថា លោក “Casey ត្រូវបានព្រមានថា ការឆ្លើយតប ចំពោះការវាយប្រហារ របស់អ៊ុយក្រែនដោយប្រើ អាវុធ របស់អង់គ្លេស នៅលើទឹកដីរុស្ស៊ី អាចជាកន្លែង និងឧបករណ៍យោធា របស់អង់គ្លេសនៅលើទឹកដី អ៊ុយក្រែន និងលើសពីនេះ”។

កន្លងមក សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ធ្លាប់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រគល់អាវុធរយៈចម្ងាយឆ្ងាយរបស់ពួកគេទៅកាន់ទីក្រុងគៀវ ដោយនិយាយថា អាវុធទាំងនោះអាចត្រឹមប្រើប្រាស់ បានតែលើទឹកដីដែលអ៊ុយក្រែន អះអាងថាជារបស់ខ្លួនប៉ុណ្ណោះ រួមមាន Crimea , សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk និងតំបន់ Kherson និង Zaporozhye ៕
ប្រែសម្រួលៈ ណៃ តុលា

To Top