បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃចន្ទថា ការប្រាក់ដែលរកបានពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កកដោយសហភាពអឺរ៉ុប គួរតែត្រូវបានចំណាយលើការទិញអាវុធសម្រាប់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានរឹបអូសទ្រព្យសម្បត្តិប្រហែល ៣០០ ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលរុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ ២០២២ នៅពេលដែលជម្លោះអ៊ុយក្រែនកាន់តែកើនឡើង។ សហភាពអឺរ៉ុបបានបញ្ឈប់ការរឹបអូសប្រាក់ទាំងស្រុងដោយស្នើជំនួសឱ្យការដឹកនាំការប្រាក់ទាំងនោះទៅឲ្យក្រុងគៀវ។
លោក Scholz បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Riga បន្ទាប់ពីកិច្ចប្រជុំជាមួយរដ្ឋាភិបាលនៃប្រទេសលីទុយអានី ឡាតវី និង ប្រទេសអេស្តូនីថា “វាសំខាន់ណាស់ដែលយើងក៏យល់ព្រមថាលុយនេះអាចត្រូវបានប្រើសម្រាប់ការទិញអាវុធមិនត្រឹមតែនៅក្នុងសហភាពអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ការទិញនៅទូទាំងពិភពលោក” ។
លោកបានយល់ព្រមលើសំណើរបស់ស្នងការគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell អំពីរបៀបដែលប្រាក់គួរតែត្រូវបានបែងចែក។ យោងតាមលោក Borrell ការប្រាក់ប្រហែល ៩០ភាគរយ គួរតែត្រូវបានចំណាយលើការទិញអាវុធសម្រាប់អ៊ុយក្រែនតាមរយៈកម្មវិធី “European Peace Facility” ខណៈដែលនៅសល់នឹងត្រូវបែងចែកទៅឱ្យថវិកា EU ដើម្បីគាំទ្រដល់ឧស្សាហកម្មយោធារបស់ទីក្រុងគៀវ ។ ប្រែសម្រួលៈ ណៃ តុលា