ព័ត៌មានអន្តរជាតិ

បារាំង និង EU ដាក់សម្ពាធលើចិន ជុំវិញទំនាក់ទំនងជាមួយរុស្ស៊ី

AFP

បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានជំរុញឱ្យមេដឹកនាំចិន លោក Xi Jinping កម្រិតអំពីកិច្ចសហប្រតិបត្តិការ របស់ប្រទេសរបស់លោកជាមួយរុស្ស៊ី ទាក់ទងនឹងជម្លោះអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Macron បាននិយាយនៅដើមដំបូង នៃកិច្ចពិភាក្សាត្រីភាគីនៅវិមាន Elysee ក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា ការសម្របសម្រួលជាមួយទីក្រុងប៉េកាំងលើ “វិបត្តិធំ” រួមទាំងអ៊ុយក្រែន និងមជ្ឈិមបូព៌ាគឺជាការ “សម្រេចចិត្តយ៉ាងពិតប្រាកដ” ។

លោកបានមានប្រសាសន៍ថា គោលដៅនៃកិច្ចប្រជុំគឺដើម្បីបង្ហាញពី “ទាំងជំហររួមរបស់យើង និងកង្វល់របស់យើង ដើម្បីព្យាយាមយកឈ្នះលើពួកគេ ពីព្រោះអនាគតនៃទ្វីបរបស់យើងនឹង ពឹងផ្អែកយ៉ាងច្បាស់ផងដែរទៅលើសមត្ថភាព របស់យើងក្នុងការអភិវឌ្ឍទំនាក់ទំនង ប្រកបដោយតុល្យភាពជាមួយប្រទេសចិន” ។

នៅក្នុងសុន្ទរកថាបើករបស់លោក, លោក Xi បាននិយាយថា នៅក្នុង “កំឡុងពេលនៃភាពចលាចល និងការផ្លាស់ប្តូរ” ជាសកល “កម្លាំងសំខាន់ពីរនៅលើពិភពលោក ប្រទេសចិន និងអឺរ៉ុបគួរតែ… បន្តរួមចំណែកថ្មីដល់សន្តិភាព និងការអភិវឌ្ឍន៍ពិភពលោក”។ មេដឹកនាំចិនដែលនឹងធ្វើទស្សនកិច្ចនៅហុងគ្រី និងស៊ែប៊ី ជាផ្នែកនៃដំណើរទេសចរណ៍អឺរ៉ុប របស់លោកបានបន្ថែមថា ទីក្រុងប៉េកាំងខិតទៅរកទំនាក់ទំនង របស់ខ្លួនជាមួយសហភាពអឺរ៉ុបពី “ទស្សនវិស័យជាយុទ្ធសាស្ត្រ និងរយៈពេលវែង” ដោយសង្ឃឹមថា ពួកគេនឹងជួយឱ្យភាគីទាំងពីរ “រីកចម្រើន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top