ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង របស់ចិន ជះផ្កាភ្លើងដាក់ឧទ្ធម្ភាគចក្រ កងទ័ពជើងទឹកអូស្ត្រាលី នៅលើដែនសមុទ្រលឿង

VOA

បរទេស៖ ក្រុមអ្នកវិភាគ បាននិយាយថា ប្រទេសចិន នៅតែបន្តធ្វើសកម្មភាពយោធា “ឈ្លានពានមិនគួរឱ្យជឿ” បន្ទាប់ពីឧទ្ធម្ភាគចក្រ របស់កងទ័ពជើងទឹកអូស្ត្រាលី ដែលហោះ នៅក្នុងដែនទឹកអន្តរជាតិ គឺត្រូវបានក្លាយជាគោលដៅ ដោយអណ្តាតភ្លើង ដែលបានទម្លាក់ដោយយន្តហោះចម្បាំងរបស់ចិន ។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលទីក្រុងកង់បេរ៉ា (អូស្រ្តាលី) បានថ្កោលទោសឧបទ្ទវហេតុនេះ និងថាទង្វើនេះ គឺមានគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ។

ឧទ្ធម្ភាគចក្រ Seahawk អូស្ត្រាលី គឺកំពុងចូលរួមក្នុងបេសកកម្ម របស់អង្គការសហប្រជាជាតិ ដើម្បីអនុវត្តទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿងនោះ គឺត្រូវបានស្ទាក់ចាប់ ដោយកងកម្លាំងអាកាសចិន។

មន្ត្រីក្នុងទីក្រុងកង់បេរ៉ា បាននិយាយថា យន្តហោះចម្បាំងរបស់ចិន បានបំផ្ទុះអណ្តាតភ្លើង នៅជិតឧទ្ធម្ភាគចក្រអូស្ត្រាលី ដោយបង្ខំឱ្យអាកាសយានិករបស់ខ្លួន ចាត់វិធានការគេចចេញបញ្ជៀស ពីគ្រោះថ្នាក់។

ឧបទ្ទវហេតុនេះបានកើតឡើងនៅលើដែនទឹកអន្តរជាតិក្នុងសមុទ្រលឿង ឆ្នេរសមុទ្រនៃប្រទេសកូរ៉េខាងត្បូងកាលពីចុងសប្តាហ៍។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា រដ្ឋាភិបាលរបស់លោកបានសុំឱ្យមានការ “ពន្យល់យ៉ាងខ្លាំង នៅគ្រប់កម្រិតចំពោះប្រទេសចិន” អំពីឧប្បត្តិហេតុនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top