ព័ត៌មានអន្តរជាតិ

ចិន បារាំង អំពាវនាវ ឱ្យបើកច្រកចាំបាច់ សម្រាប់ជំនួយមនុស្សធម៌ នៅតំបន់ហ្គាហ្សា

ប៉ារីស៖ ប្រមុខរដ្ឋទាំងពីរនៃប្រទេសចិន និងបារាំង បានអំពាវនាវឱ្យមានការបើកប្រកបដោយប្រសិទ្ធភាពនូវរាល់ច្រកឆ្លងកាត់ចាំបាច់ និងច្រកព្រំដែន សម្រាប់ការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយភាពរហ័ស សុវត្ថិភាព និរន្តរភាព និងគ្មានការរារាំង នៅក្នុងតំបន់ហ្គាហ្សា។

ប្រទេសទាំងពីរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា ប្រមុខរដ្ឋចិន និងបារាំង បានរួមគ្នាសម្ដែងការប្រឆាំងនឹងប្រតិបត្តិការរបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា ដែលនឹងនាំឱ្យមានគ្រោះមហន្តរាយមនុស្សធម៌កាន់តែខ្លាំង។

ប្រមុខរដ្ឋទាំងពីរក៏ប្រឆាំងនឹងការផ្លាស់ទីលំនៅដោយបង្ខំរបស់ជនស៊ីវិលប៉ាឡេស្ទីនផងដែរ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសបារាំង ដែលលោក ស៊ី និងប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានផ្លាស់ប្តូរទស្សនៈស៊ីជម្រៅអំពីស្ថានភាពនៅមជ្ឈិមបូព៌ា។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក៏បានអំពាវនាវឱ្យភាគីទាំងអស់ ចៀសវាងការចាត់វិធានការឯកតោភាគី លើមូលដ្ឋានដែលអាចបង្កើនភាពតានតឹងក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។

ក្នុងន័យនេះ ប្រមុខរដ្ឋទាំងពីរ បានថ្កោលទោសគោលនយោបាយរបស់អ៊ីស្រាអែល ក្នុងការកសាងការតាំងទីលំនៅដោយបំពានច្បាប់អន្តរជាតិ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសបារាំង។

យោធាអ៊ីស្រាអែលបានឲ្យដឹងនៅយប់ថ្ងៃចន្ទថា ខ្លួនកំពុងធ្វើការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំនៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្មានម៉ោងបន្ទាប់ពីក្រុមហាម៉ាស់ បានប្រកាសទទួលយកសំណើរបស់អេហ្ស៊ីប-កាតា ទាក់ទងនឹងបទឈប់បាញ់នៅក្នុង  បន្ទះ។

ក្នុងពេលជាមួយគ្នានេះ ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា សំណើនេះគឺនៅឆ្ងាយពី “ការទាមទារស្នូល” របស់អ៊ីស្រាអែល ហើយថារដ្ឋាភិបាល នឹងបញ្ជូនគណៈប្រតិភូទៅទីក្រុងគ៊ែរ ដើម្បីអស់លទ្ធភាពក្នុងការឈានដល់កិច្ចព្រមព្រៀង ដែលអាចទទួលយកបាន សម្រាប់អ៊ីស្រាអែល។

ដូចគ្នានេះផងដែរ គណៈប្រតិភូកាតា នឹងធ្វើដំណើរទៅកាន់ទីក្រុងគែរ នៅថ្ងៃអង្គារនេះ សម្រាប់ការចរចាដោយប្រយោល ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ តាមរយៈអ្នកសម្របសម្រួល។

ប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់លោក Ismail Haniyeh បានប្រាប់ភាគីអេហ្ស៊ីប និងកាតាថា ចលនារបស់លោក បានអនុម័តលើសំណើរបស់ពួកគេទាក់ទងនឹងបទឈប់បាញ់នៅតំបន់ហ្គាហ្សា នេះបើតាមក្រុមប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងបានយល់ព្រមលើសំណើ ដែលឆ្លើយតបនឹងការទាមទាររបស់យើងក្នុងការបញ្ឈប់ការបាញ់ប្រហារ ការស្ថាបនាឡើងវិញនូវក្បាលដី ការវិលត្រឡប់របស់ជនភៀសខ្លួនទៅកាន់តំបន់លំនៅដ្ឋានរបស់ពួកគេ និងកិច្ចព្រមព្រៀង ស្តីពីការផ្លាស់ប្តូរអ្នកទោស”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top