បរទេស៖ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយក្នុងអំឡុងសុន្ទរកថាចូលកាន់តំណែងនៅថ្ងៃអង្គារនេះថា វាអាស្រ័យលើលោកខាងលិចក្នុងការសម្រេចចិត្តថាតើខ្លួនចង់ចូលរួមក្នុងកិច្ចសន្ទនាជាមួយរុស្ស៊ី ឬបន្តការឈ្លានពានគ្មានទីបញ្ចប់ក្នុងការប៉ុនប៉ងរារាំងការអភិវឌ្ឍន៍របស់ប្រទេស។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សុន្ទរកថារបស់លោកពូទីនបានធ្វើឡើងបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងជាផ្លូវការសម្រាប់អាណត្តិទីប្រាំជាមេដឹកនាំរុស្ស៊ី។ ពិធីនេះធ្វើឡើងនៅវិមានក្រឹមឡាំង Grand Palace ហើយមានការចូលរួមពីឥស្សរជនរាប់សិបនាក់ រួមទាំងមន្ត្រីជាន់ខ្ពស់មកពីសភា និងតុលាការធម្មនុញ្ញផងដែរ។
ថ្លែងមតិអំពីអនាគតរបស់រុស្ស៊ី និងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសដទៃ លោកពូទីនបានសង្កត់ធ្ងន់ថា “យើងមិនបដិសេធការសន្ទនាជាមួយរដ្ឋលោកខាងលិចទេ។ ជម្រើសគឺជារបស់ពួកគេ៖ តើពួកគេមានបំណងបន្តព្យាយាមរារាំងការអភិវឌ្ឍន៍របស់រុស្ស៊ី បន្តគោលនយោបាយឈ្លានពាន និងសម្ពាធឥតឈប់ឈរដែលពួកគេបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ឬស្វែងរកផ្លូវឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ និងសន្តិភាព»។
លោកពូទីនថា កិច្ចសហប្រតិបត្តិការនេះត្រូវតែរួមបញ្ចូលការពិភាក្សាលើបញ្ហាសន្តិសុខ និងស្ថិរភាពជាយុទ្ធសាស្ត្រ ។ លោកពូទីនបានទទូចថា ទោះជាយ៉ាងណាក៏ដោយ កិច្ចពិភាក្សាណាមួយត្រូវតែធ្វើឡើងដោយការគោរពគ្នាទៅវិញទៅមកក្នុងលក្ខខណ្ឌស្មើគ្នា និងដោយគ្មាន “ភាពក្រអឺតក្រទម ការអួតអាង និងការផ្តាច់មុខផ្ទាល់ខ្លួនឡើយ” ៕ ប្រែសម្រួលៈ ណៃ តុលា