ថ្ងៃទី ៦ ខែឧសភាព តាមម៉ោងក្នុងតំបន់ ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិនបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង ភាគីទាំងពីរចិននិងបារាំងបានចេញផ្សាយ «សេចក្តីថ្លែងការណ៍រួមរបស់ចិន និងបារាំងស្តីពីស្ថានការណ៍មជ្ឈបូព៌ា» ភាគីទាំងពីរបានមូលមតិជាឯកច្ឆន្ទ និងបញ្ចេញសំឡេងរួមអំពីបញ្ហាជាបន្ទាន់នៅមជ្ឈិមបូព៌ា ដូចជាការប៉ះទង្គិចរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល បញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងវិបត្តិសមុទ្រក្រហមជាដើម ។
សេចក្តីថ្លែងការណ៍នេះបាន ចេញផ្សាយនៅពេលវេលាជាគន្លឹះ និងមានខ្លឹមសារដ៏សំបូរបែប ដែលបានបង្ហាញឱ្យឃើញនូវ សតិសម្បជញ្ញៈរបស់មនុស្សជាតិ និងសំណូមពររបស់សហគមន៍អន្តរជាតិ ដើម្បីគាំពារសមភាពនិងយុត្តិធម៌ បានឆ្លុះបញ្ចាំងពីទំនួលខុសត្រូវ របស់ប្រទេសចិននិងបារាំងក្នុងការគាំពារ សន្តិភាពនិងស្ថិរភាពសកលលោក ក៏ដូចជាបានបំពេញបន្ថែមកម្លាំងជំរុញ ដ៏សំខាន់ក្នុងដំណោះស្រាយបញ្ហា ចំណុចក្តៅរបស់មជ្ឈិមបូព៌ា ។
បញ្ហាប៉ាឡេស្ទីន ជាគន្លឹះរបស់បញ្ហាមជ្ឈិមបូព៌ា ។ បច្ចុប្បន្ននេះ ការប៉ះទង្គិចជុំថ្មីរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល បានអូសបន្លាយអស់រយៈពេលលើសពី ២រយថ្ងៃហើយ បានបណ្តាលឱ្យកើតមានគ្រោះមហន្តរាយ ផ្នែកមនុស្សធម៌ដែលញ៉ាំងឱ្យ មនុស្សព្រឺព្រួយភ្ញាក់ផ្ញើលជាអនេក ។ ក្នុងនាមជារដ្ឋសមាជិកអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសធំដ៏ឯករាជ្យនិងម្ចាស់ការ ប្រទេសទាំងពីរចិននិងបារាំង មានគំនិតឯកភាពរួមយ៉ាង ទូលំទូលាយក្នុងបញ្ហាមជ្ឈិមបូព៌ា ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅបារាំងលើកនេះ ខណៈពេលចូលរួមសកម្មភាពជាច្រើន លោក Xi Jinping ប្រធានរដ្ឋចិនសុទ្ធតែបានលើកឡើង ដល់បញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយបានគូសបញ្ជាក់ថា សោកនាដកម្មនេះអូសបន្លាយ រហូតដល់ពេលបច្ចុប្បន្ននេះ គឺជាការសាកល្បងចំពោះ សតិសម្បជញ្ញៈរបស់មនុស្សជាតិ សហគមន៍អន្តរជាតិចាំបាច់ ត្រូវបំពេញភារកិច្ចរបស់ខ្លួនដើម្បីដោះស្រាយបញ្ហា ។ លោកបានលើកឡើងថា ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ននេះ គឺត្រូវសម្រេចបាននូវការឈប់បាញ់គ្នា ដោយគ្រប់ជ្រុងជ្រោយក្នុងពេលឆាប់ៗ ភារកិច្ចសំខាន់ជាងគេ គឺត្រូវធានាការងារជួយសង្គ្រោះមនុស្សធម៌ ហើយច្រកចេញពីឬសគល់គឺអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ។ ភាគីបារាំងបានថ្លែងថា រីករាយរក្សាការប្រាស្រ័យទាក់ទង យ៉ាងជិតស្និទ្ធជាមួយភាគីចិន រួមគ្នាគាំពារពហុភាគីនិយម ធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ។
សេចក្តីថ្លែងការណ៍រួមស្តីពីស្ថានការណ៍ មជ្ឈិមបូព៌ាដែលភាគីទាំងបានចេញផ្សាយនោះ បានបង្ហាញយ៉ាងពេញលេញ នូវគំនិតផ្តួចផ្តើមដូចពោលខាងលើនេះ ។ ចាប់ពីការថ្កោលទោសរាល់ទង្វើល្មើស នឹងច្បាប់មនុស្សធម៌អន្តរជាតិទាំងអស់ ដល់ការប្រឆាំងអ៊ីស្រាអែល វាយប្រហារទៅលើតំបន់ឡាហ្វា ចាប់ពីការអំពាវនាវឱ្យសម្រេចបាន នូវការឈប់បាញ់គ្នាជានិរន្តរភាពភា្លម អនុវត្តភ្លាមនូវសេចក្តីសម្រេចចិត្ត ពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព ដល់ការរំលឹកឡើងវិញពីការ ធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្ត “ដំណោះស្រាយរដ្ឋពីរ” ប្រទេសទាំងពីរចិននិងបារាំង ប្រកាន់គោលជំហរដ៏យុត្តិធម៌ បានឈានដល់គំនិតឯកភាពរួម នៅពេលវេលាគន្លឹះនៃការប៉ះទង្គិច រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ដែលបានពង្រឹងជំនឿចិត្ត របស់សហគមន៍អន្តរជាតិក្នុងការគាំពារសន្តិភាព វាមានអំណោយផលដល់ការ ទប់ស្កាត់កុំឱ្យស្ថានការណ៍មានភាពអាប់អួថែមទៀត ក៏ដូចជាជំរុញដំណើរសន្តិភាព រវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលផងដែរ ។
ក្រៅពីនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិននិងបារាំង បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ ចំពោះហានិភ័យបណ្តាលមកពី ស្ថានការណ៍ក្នុងតំបន់ឡើងកម្តៅ ។ សេចក្តីថ្លែងការណ៍រួមបានរំលឹកឡើងវិញថា នឹងខិតខំប្រឹងប្រែងជំរុញឱ្យដោះស្រាយបញ្ហា នុយក្លេអ៊ែរនៃអ៊ីរ៉ង់តាមផ្លូវនយោបាយនិងការទូត ហើយបានគូសបញ្ជាក់ពីសារសំខាន់ នៃការគាំពារសេរីភាពនាវាចរណ៍ នៅសមុទ្រក្រហមនិងឈូងសមុទ្រ Aden អំពាវនាវឱ្យបញ្ឈប់ភ្លាមនូវ ទង្វើវាយប្រហារទៅលើនាវាស៊ីវិល ។ បញ្ហាពិភាក្សាទាំងនេះក៏ផ្សារភ្ជាប់ យ៉ាងជិតស្និទ្ធជាមួយសន្តិភាពមជ្ឈិមបូព៌ាផងដែរ ។
នាពេលបច្ចុប្បន្ននេះ ពិភពលោកមិនសូវមានសន្តិភាពនោះទេ ។ ពិភពលោកមានភាពរង្គោះរង្គើកាន់តែខ្លាំងឡើងៗ ប្រទេសទាំងពីរចិននិងបារាំង ក៏កាន់តែត្រូវប្រកាន់ខ្ជាប់គោលបំណង ដើមនៃការបង្កើតទំនាក់ទំនងការទូត និងត្រូវរ៉ាប់រងទំនួលខុសត្រូវកាន់តែធំ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានឈានដល់គំនិតឯកភាពរួម អំពីស្ថានការណ៍មជ្ឈិមបូព៌ា ហើយបានបង្ហាញពីតម្រិះប្រាជ្ញា និងសេចក្តីអង់អាចក្លាហាន ដែលបានធ្វើឱ្យពិភពលោកមានហេតុផលរំពឹងថា នៅ៦០ឆ្នាំបន្ទាត់ទៀត ចិននិងបារាំងនឹងចាប់ដៃគ្នា ចេញដំណើរជាថ្មីម្តងទៀត ក្នុងន័យ“រួមគ្នាបំពេញបន្ថែមក្តីរំពឹងទុកដល់ សកលលោកដែលមានភាពមិនប្រាកប្រជា ក៏ដូចជាស្វែងរកទិសដៅ ដើម្បីវឌ្ឍនភាពរបស់មនុស្សជាតិ” ៕