ប្រមុខរដ្ឋចិននិងបារាំង បានផ្តល់ភ្លើងគប់នៃការប្រកួត កីឡាអូឡាំពិកដល់គ្នាទៅវិញទៅមក ភាគីទាំងពីរបានចេញផ្សាយ សេចក្តីថ្លែងការណ៍រួមចំនួន៤ច្បាប់ បានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីចំនួនជិត ២០ច្បាប់ ក្នុងវិស័យអភិវឌ្ឍន៍បៃតងអាកាសចរណ៍ ចំណីអាហារផ្នែកកសិកម្ម ធុរកិច្ចនិងផ្លាស់ប្តូររវាង ប្រជាជននិងប្រជាជនជាដើម។ល។
ថ្ងៃទី៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចពិភាក្សាជាមួយលោក Macron ប្រធានាធិបតីបារាំងនៅទីក្រុងប៉ារីស ហើយទទួលបានសមិទ្ធផលជាផ្លែផ្កាមួយចំនួន។ លោក Macron បានលើកឡើងថា ពិភពលោកនាពេលបច្ចុប្បន្ន កំពុងប្រឈមមុខនឹងការសាកល្បងសំខាន់ៗ ហើយប្រទេសបារាំងនិងសហភាពអឺរ៉ុប កាន់តែត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិនជាងពេលណាៗទាំងអស់ រឿងនេះវាជាប់ពាក់ព័ន្ធនឹងអនាគតរបស់អឺរ៉ុប។
ឆ្នាំនេះគឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងបារាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានជ្រើសរើស ប្រទេសបារាំងជាប្រទេសដំបូងគេ ក្នុងដំណើរទស្សនកិច្ចនៅឆ្នាំនេះ ដែលអាចបង្ហាញថា ភាគីចិនយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរវាងចិននិងបារាំង។
ប្រទេសបារាំងគឺជាមហាអំណាច លោកខាងលិចដំបូងគេដែលបានបង្កើត ទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិនថ្មី មជ្ឈមណ្ឌលវប្បធម៌ដំបូងគេដែលចិន បានបង្កើតឡើងនៅប្រទេសលោកខាងលិច គឺមានទីតាំងនៅទីក្រុងប៉ារីស។ល។ រយៈពេល៦០ឆ្នាំកន្លងមក ការប្រាស្រ័យទាក់ទងរវាងចិននិងបារាំង បានបញ្ជាក់យ៉ាងពេញលេញថា ប្រទេសដែលមានប្រព័ន្ធរបបសង្គមខុសៗគ្នា អាចរួមរស់នៅជាមួយគ្នាដោយសន្តិភាព ក៏ដូចជាអាចធ្វើកិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះទាំងស្រុង។
តើយើងនឹងគ្រោងផែនការអំពី កិច្ចសហប្រតិបត្តិការរវាងចិននិងបារាំង ក្នុងរយៈពេល៦០ឆ្នាំ បន្ទាប់ទៀតយ៉ាងដូចម្ត៉េច? បើមើលពីវិស័យនយោបាយ ចិននិងបារាំងគ្មានទំនាស់ ផ្នែកភូមិសាស្ត្រនយោបាយទេ ហើយក៏គ្មានការប៉ះទង្គិច ផ្នែកផលប្រយោជន៍ជាសារវន្តដែរ។ ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរបានរំលឹកឡើងវិញថា នឹងគោរពផលប្រយោជន៍ស្នូលគ្នា ទៅវិញទៅមកហើយធ្វើការប្រាស្រ័យទាក់ទង និងធ្វើកិច្ចសម្របសម្រួលគោលជំហរ និងគោលនយោបាយឱ្យទាន់ពេលវេលា។ នេះបានបញ្ចេញសញ្ញាវិជ្ជមានដែលការ កសាងទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម គឺជាក្បាលម៉ាស៊ីនចលករនៃ ទំនាក់ទំនងរវាងចិននិងបារាំង។ ភាគីទាំងពីរមិនត្រឹមតែមានកិច្ចសហប្រតិបត្តិការ “ពីកសិដ្ឋានបារាំងដល់តុអាហារចិន” ប៉ុណ្ណោះទេ ថែមទាំងក៏មានកិច្ចសហប្រតិបត្តិការ ផ្នែកគម្រោងខ្នាតធំដូចជាស្ថានីយអគ្គិសនី ដើរដោយថាមពលនុយក្លេអ៊ែរឈូងសមុទ្រ Daya និងខ្សែដំឡើងយន្តហោះ A320 នៃក្រុមហ៊ុន Airbus នៅទីក្រុងធានជីនផងដែរ។ ពេលបច្ចុប្បន្ននេះនៅខាងក្រៅសហភាពអឺរ៉ុប ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្ម ដ៏ធំទីមួយរបស់ប្រទេសបារាំង ហើយប្រទេសបារាំងគឺជា ដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសចិន នៅក្នុងសហភាពអឺរ៉ុប។ មានសហគ្រាសបារាំងចំនួនជាង ២ពាន់បាននិងកំពុងប្រកបអាជីវកម្ម យ៉ាងស៊ីជម្រៅនៅទីផ្សារចិន។
ក្នុងដំណើរទស្សនកិច្ចលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងថា ភាគីចិនរីករាយនាំចូលផលិតផល ដ៏មានគុណភាពល្អរបស់បារាំងឱ្យកាន់តែច្រើន ហើយសង្ឃឹមថា ប្រទេសបារាំងនឹងនាំចេញផលិតផល ប្រកបដោយបច្ចេកវិទ្យាខ្ពស់និងតម្លៃបន្ថែមខ្ពស់ ឱ្យកាន់តែច្រើនទៅកាន់ប្រទេសចិន។ភាគីចិនសន្យាថា នឹងពង្រីកការបើកចំហ និងស្វាគមន៍សហគ្រាសបារាំង កាន់តែច្រើនមកវិនិយោគនៅប្រទេសចិន ក៏ដូចជាចូលរួមក្នុងដំណើរ ធ្វើទំនើបកម្មតាមបែបផែនចិន។ លោក Macron ប្រធានាធិបតីបារាំងបានលើកឡើងថា នឹងមិនដាក់ចេញគោលនយោបាយ ដែលមានលក្ខណៈរើសអើង ចំពោះសហគ្រាសចិនទេ ហើយស្វាគមន៍សហគ្រាសចិន ដែលបូករួមទាំងសហគ្រាស បច្ចេកវិទ្យាខ្ពស់កាន់តែច្រើន ទៅវិនិយោគទុននិងធ្វើកិច្ចសហប្រតិបត្តិការ នៅប្រទេសបារាំង។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ច នៅប្រទេសបារាំងលើកនេះ ភាគីចិនបានលើកឡើងថា នឹងគាំទ្រប្រទេសបារាំងក្នុងការរៀបចំ ឱ្យបានល្អនូវការប្រកួតកីឡាអូឡាំពិកក្រុងប៉ារីស បន្តរៀបចំឱ្យបានល្អនូវសកម្មភាពផ្សេងៗ នៃឆ្នាំវប្បធម៌និងទេសចរណ៍ចិន-បារាំង ជំរុញការងាររួមគ្នាអភិរក្សនិងជួសជុលបុរាណវត្ថុ ពន្យារពេលគោលនយោបាយលើកលែង ទិដ្ឋការក្នុងរយៈពេលខ្លីនៃប្រជាពលរដ្ឋនៃប្រទេសចំនួន១២ ដែលបូករួមទាំងប្រទេសបារាំង ផងរហូតដល់ចុងឆ្នាំ២០២៥ និងជំរុញចំនួននិស្សិតបារាំង ដែលមកបន្តការសិក្សានៅប្រទេសចិនឱ្យលើសពី ១ម៉ឺននាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ល។ វិធានការទាំងនេះនឹងពន្លឿនការ ផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនចិននិងបារាំង ក៏ដូចជានិងរឹតចំណងមេត្រីភាពរវាងចិន និងបារាំងបន្ថែមទៀត។
ប្រឈមមុខនឹង៦០ឆ្នាំបន្ទាប់ទៀត ប្រទេសចិននឹងបន្តវេនបុព្វហេតុជំនាន់មុន និងត្រួសត្រាយផ្លូវអភិវឌ្ឍន៍ថ្មីនៅពេលអនាគត។ នេះនឹងមិនត្រឹមតែនឹងផ្តល់ ផលប្រយោជន៍ដល់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងក៏នឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងចិននិងអឺរ៉ុប ក៏ដូចជាជំរុញសន្តិភាពនិង ការអភិវឌ្ឍនៃពិភពលោកផងដែរ ៕