សិង្ហបុរី៖ សេចក្តីថ្លែងការណ៍ដែលចេញដោយក្រសួងការពារជាតិ បានឲ្យដឹងថា កាលពីថ្ងៃពុធ យន្តហោះចម្បាំង F-16 របស់កងទ័ពអាកាសសិង្ហបុរីបានធ្លាក់ក្នុងមូលដ្ឋានទ័ពអាកាស Tengah ។
យន្តហោះបានជួបប្រទះនឹងបញ្ហា នៅក្នុងអំឡុងពេលហោះឡើង ហើយអាកាសយានិកបានឆ្លើយតបតាមនីតិវិធីសង្គ្រោះបន្ទាន់ ។ អ្នកបើកយន្តហោះបានលោតចេញដោយជោគជ័យ ហើយកំពុងទទួលការព្យាបាល ។ មិនមានបុគ្គលិកផ្សេងទៀតរងរបួសនោះទេ ។
ក្រសួងការពារជាតិបានឱ្យដឹងថា អ្នកបើកយន្តហោះដែលមានបទពិសោធន៍ ជាមួយនឹងការហោះហើរជាង២.០០០ម៉ោងនៅលើយន្តហោះ F-16 បានជួបប្រទះនឹងបញ្ហាការគ្រប់គ្រងការហោះហើរនៅពេលយន្តហោះចាកចេញពីផ្លូវរត់សម្រាប់ការហ្វឹកហាត់ជាប្រចាំ ។
ជាការប្រុងប្រយ័ត្នសុវត្ថិភាព កងកម្លាំងអាកាសសិង្ហបុរីបានផ្អាកការហ្វឹកហ្វឺនជាបណ្ដោះអាសន្នសម្រាប់កងយន្តហោះ F-16 របស់ខ្លួនផងដែរ ។
ការស៊ើបអង្កេតលម្អិតអំពីឧបទ្ទវហេតុនេះកំពុងបន្តដំណើរការ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា