យេរ៉ូសាឡឹម ៖ កងទ័ពអ៊ីស្រាអ៊ែលបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សា បានបាញ់គ្រាប់រ៉ុក្កែតចំនួន៨គ្រាប់ចេញពីតំបន់ Rafah ឆ្ពោះទៅកាន់តំបន់ Kerem Shalom ច្រកឆ្លងកាត់នៅក្នុងប្រទេស អ៊ីស្រាអ៊ែលភ្លាមៗ បន្ទាប់ពីច្រកនេះបានបើកឡើងវិញ កាលពីថ្ងៃពុធ ដោយបានធ្វើឱ្យយោធា អ៊ីស្រាអ៊ែលម្នាក់រងរបួស ។
កងទ័ពបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា យោធាបានរងរបួសស្រាល និងបានទទួលការព្យាបាលនៅកន្លែងកើតហេតុ ។
កាលពីព្រឹកថ្ងៃពុធ កងទ័ពបានរាយការណ៍ ពីការបាញ់បង្ហោះជាបន្តបន្ទាប់មកទៀតចេញពីតំបន់ Rafah ដែលបានធ្លាក់ចុះក្នុងរយៈចម្ងាយខ្លី នៃការឆ្លងកាត់ចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល ហើយបានធ្លាក់ចុះនៅតំបន់ហ្គាហ្សាស្ទ្រីប ។
ច្រក Kerem Shalom Crossing ដែលជាចំណុចចូលសំខាន់ សម្រាប់ជំនួយមនុស្សធម៌ ចូលទៅក្នុងតំបន់ប៉ាឡេស្ទីន បានបើកឡើងវិញកាលពីថ្ងៃពុធ បន្ទាប់ពីអ៊ីស្រាអ៊ែល បានបិទវាកាលពីថ្ងៃអាទិត្យ ក្រោយពីការសម្លាប់យោធាចំនួន៤នាក់ នៅក្នុងការវាយប្រហារ ដោយកាំភ្លើងត្បាល់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា