បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden បានទទួលស្គាល់ថា យ៉ាងហោចណាស់ ជនស៊ីវិលប៉ាឡេស្ទីន មួយចំនួននៅ Gaza ត្រូវបានសម្លាប់ដោយគ្រាប់បែក ដែលផលិតដោយសហរដ្ឋអាមេរិក ហើយលោកក៏បានប្តេជ្ញា បញ្ឈប់ការផ្គត់ផ្គង់អាវុធ ដែលអ៊ីស្រាអែល អាចប្រើប្រាស់យ៉ាង សកម្មនៅក្នុងប្រតិបត្តិការយោធា ដ៏សំខាន់មួយ ផ្សេងទៀត នៅក្នុងទីក្រុង Rafah ភាគខាងត្បូង ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ការលើកឡើង របស់មេដឹកនាំអាមេរិករូបនេះ បានធ្វើឡើងបន្ទាប់ពីរថក្រោះ និងទាហានអ៊ីស្រាអែលបានចូល ក្នុងតំបន់ភាគខាងកើត នៃទីក្រុង Rafah កាលពីយប់ថ្ងៃចន្ទ ដោយដណ្តើមបានច្រកព្រំដែន សំខាន់រវាង Gaza និងអេហ្ស៊ីប។ ការចូលនេះ ត្រូវបានអមដោយការវាយប្រហារ តាមអាកាសលើទីក្រុង ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល។
ទោះជាយ៉ាងណាក៏ដោយ លោក Biden ជឿជាក់ថា អ៊ីស្រាអែលមិនទាន់បានឆ្លង កាត់ខ្សែបន្ទាត់ក្រហម របស់ទីក្រុងវ៉ាស៊ីនតោន នោះឡើយ។
លោក Joe Biden បាននិយាយនៅ ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ CNN នៅថ្ងៃពុធថា “ពួកគេមិនបានចូលទៅ ក្នុងមជ្ឈមណ្ឌលប្រជាជនទេ។ អ្វីដែលពួកគេបានធ្វើគឺ ត្រឹមត្រូវនៅតាមព្រំដែន»។
សូមជម្រាបថា អាមេរិក បានផ្អាកការបញ្ជូន សព្វាវុធទៅកាន់ប្រទេស អ៊ីស្រាអែល កាលពីសប្តាហ៍មុន ជុំវិញក្តីកង្វល់ នៃប្រតិបត្តិការរបស់ទីក្រុង ហ្សេរុយសាឡឹម ខាងលិចនៅទីក្រុង Rafah , នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ Lloyd Austin ។ ទោះយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន មិនទាន់សម្រេចជោគវាសនា ចុងក្រោយនៃបញ្ហាសព្វាវុធនោះទេ ៕
ប្រែសម្រួលៈ ណៃ តុលា