វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់កាសែត CNN ឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនសព្វាវុធទៅឱ្យអ៊ីស្រាអែលនោះទេ ប្រសិនបើពួកគេត្រូវប្រើក្នុងប្រតិបត្តិការយោធាដ៏ធំមួយ នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។
សុន្ទរកថារបស់លោកប្រធានាធិបតី គឺជាលើកទីមួយ របស់លោក ដែលនិយាយទៅកាន់ការផ្គត់ផ្គង់ អាវុធរបស់អាមេរិកដល់អ៊ីស្រាអែល បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋបាល កាលពីសប្តាហ៍មុន ក្នុងការផ្អាកការដឹកជញ្ជូនគ្រាប់បែក ដែលជាការព្រមានថា អ៊ីស្រាអែល មិនគួរបើកការឈ្លានពាននៅទីក្រុងរ៉ាហ្វានោះទេ។
លោក បៃដិន បាននិយាយ ដោយសំដៅទៅលើ គ្រាប់បែកទម្ងន់ ២,០០០ផោន ដែលការដឹកជញ្ជូន ទៅអ៊ីស្រាអែលត្រូវ បានបញ្ឈប់ ដើម្បីការពារ “ជនស៊ីវិល ពីការសម្លាប់ នៅក្នុងតំបន់ហ្គាហ្សា ដែលជាផលវិបាក នៃគ្រាប់បែកទាំងនោះ និងមធ្យោបាយផ្សេងទៀត ដែលអ៊ីស្រាអែលប្រើប្រាស់” ហើយប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា វាក៏ត្រូវពន្យារពេលដែរគឺការផ្ទេរគ្រាប់បែកទម្ងន់ ៥០០ ផោន។
លោក បៃដិន បានលើកឡើងថា “យើងនឹងបន្តធ្វើឱ្យប្រាកដថា អ៊ីស្រាអែល មានសន្តិសុខ នៅក្នុងលក្ខខណ្ឌនៃប្រព័ន្ធការពារ Iron Dome និងសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបទៅនឹងការវាយប្រហារ ដែលចេញពីមជ្ឈិមបូព៌ានាពេលថ្មីៗនេះ ប៉ុន្តែវាខុសហើយ យើងនឹងមិនផ្គត់ផ្គង់អាវុធ និងគ្រាប់កាំភ្លើងធំនោះទេ” ៕
ប្រែសម្រួល ឈូក បូរ៉ា