កង់បេរ៉ា ៖ អូស្ត្រាលី បានប្រាប់ទៅកាន់អ៊ីស្រាអែលថា ការវាយលុកលើដីដ៏ធំមួយ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូង នៃតំបន់ហ្គាហ្សា នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីយប់ថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានឲ្យដឹងថា រដ្ឋាភិបាល សហព័ន្ធបានអះអាងជាថ្មី ចំពោះអ៊ីស្រាអែល នូវការជំទាស់របស់ខ្លួន ក្នុងការពង្រីកសកម្មភាព យោធានៅទីក្រុងរ៉ាហ្វា និងការគាំទ្ររបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់ ។
លោក Wong បានលើកឡើងថា “ជាងពាក់កណ្តាលនៃចំនួនប្រជាជន ២,៣លាននាក់របស់តំបន់ហ្គាហ្សា កំពុងជ្រកកោននៅទីក្រុងរ៉ាហ្វា ពីការប្រយុទ្ធគ្នានៅកន្លែងផ្សេង ហើយផលប៉ះពាល់លើជនស៊ីវិលប៉ាឡេស្ទីន ពីប្រតិបត្តិការយោធា ដែលបានពង្រីក នឹងមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ” ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃចន្ទ បានបញ្ជាឱ្យជនស៊ីវិលរាប់ពាន់នាក់ នៅភាគខាងកើតទីក្រុងរ៉ាហ្វា ជម្លៀសខ្លួនចេញ មុនពេលដែលខ្លួនហៅថាប្រតិបត្តិការមានកំណត់ ដើម្បីលុបបំបាត់យុទ្ធជនហាម៉ាស់ និងរុះរើហេដ្ឋារចនាសម្ព័ន្ធនៅទីនោះ។
អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ចំណាត់ការជាបន្តបន្ទាប់ របស់ IDF ដើម្បីដណ្តើមយកទឹកដី ប៉ាឡេស្ទីន នៃព្រំដែនរ៉ាហ្វា ទៅកាន់ប្រទេសអេហ្ស៊ីប នឹងធ្វើឱ្យស្ថានការណ៍ មនុស្សធម៌ ដ៏ធ្ងន់ធ្ងររួចទៅហើយ ៕
ប្រែសម្រួល ឈូក បូរ៉ា