ព័ត៌មានអន្តរជាតិ

ក្រុមហេសបូឡា អះអាងពីការការវាយ ប្រហារសងសឹក ដោយយន្តហោះដ្រូន លើបញ្ជាការយោធាអ៊ីស្រាអែល

ប្រភព ៖ AFP

បេរូត៖ ក្រុមហេសបូឡា បានបើកការវាយប្រហារ ដោយយន្តហោះដ្រូន កាលពីថ្ងៃព្រហស្បតិ៍ ទៅលើទីបញ្ជាការយោធាអ៊ីស្រាអែល នៅតំបន់តាំងទីលំនៅ Kfar Giladi ភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយបានអះអាងថា បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោមមន្ត្រីអ៊ីស្រាអែល។

ក្រុមហេសបូឡា បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងដោយយន្តហោះដ្រូន ជាច្រើនគ្រឿង ក្នុងការសងសឹក ចំពោះការធ្វើឃាតរបស់អ៊ីស្រាអែល ទៅលើសមាជិកក្រុមហេសបូឡា ៣នាក់នៅក្នុងភូមិ Bafliyeh ភាគខាងត្បូងនៃប្រទេសលីបង់។

សេចក្តី​ថ្លែងការណ៍​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ជនរងគ្រោះ​ដែល​បាន​អះអាង​នោះ​ទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រភពយោធាលីបង់បានប្រាប់កាសែតស៊ិនហួ ឲ្យដឹងថាប្រព័ន្ធការពារ Iron Dome និងយន្តហោះចម្បាំង F-15 របស់អ៊ីស្រាអែល បានស្ទាក់ចាប់យន្តហោះដ្រូន ដែលកំពុងហោះហើរក្នុងរយៈកម្ពស់ទាបបំផុត នៅពេលរសៀល។

ប្រភពមិនបញ្ចេញឈ្មោះបានបន្ថែមថា កាំជ្រួចពីអាកាសទៅអាកាសមួយគ្រាប់ ដែលយន្តហោះអ៊ីស្រាអែល បាញ់សំដៅទៅលើយន្តហោះគ្មាន មនុស្សបើកបានធ្លាក់ និងផ្ទុះនៅតំបន់ជុំវិញភូមិ Khiam ភាគអាគ្នេយ៍នៃប្រទេសលីបង់ ខណៈកាំជ្រួចជាច្រើនផ្សេងទៀតត្រូវបានបាញ់ទម្លាក់ដោយ Iron Dome ទៅលើយន្តហោះដ្រូន និងបានផ្ទុះនៅក្នុងដែនអាកាស នៃតំបន់ព្រំដែននៅភាគខាងត្បូងប្រទេសលីបង់។

ប្រភព​បាន​កត់​សម្គាល់​ថា អ៊ីស្រាអែល​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ចំនួន ៥ លើក និង​បាន​បាញ់​ផ្លោង​ប្រមាណ ៣០ គ្រាប់​លើ​ទីតាំង​ជា​ច្រើន និង​ទីប្រជុំជន និង​ភូមិ​ជាប់​ព្រំដែន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​លីបង់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top