ព័ត៌មានអន្តរជាតិ

បទវិភាគ៖”មិត្តភាពដែកថែប”រវាងចិននិងស៊ែប៊ីនឹងបញ្ចេញកម្លាំងរស់រវើកថ្មី ក្នុងយុគសម័យថ្មី

ក្នុងអំឡុងពេលលោកប្រធានរដ្ឋចិន Xi Jinping បំពេញទស្សនកិច្ចនៅប្រទេសស៊ែប៊ីកាលពីឆ្នាំ ២០១៦ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានសម្រេចចិត្តលើកកម្ពស់ទំនាក់ទំនងរវាងចិនស៊ែប៊ីឱ្យទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ។ បន្ទាប់ពីរំលងអស់រយៈពេល ៨ ឆ្នាំ តើ”មិត្តភាពដែកថែប”រវាងចិននិងស៊ែប៊ីនឹងត្រូវលើកកម្ពស់លំដាប់ថ្នាក់យ៉ាងដូចម្ដេច ? ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានរដ្ឋចិន Xi Jinping នៅប្រទេសស៊ែប៊ីចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែឧសភាបានផ្តល់ចម្លើយរួចហើយ ។ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានរួមគ្នាប្រកាសអំពីការធ្វើឱ្យស៊ីជម្រៅនិងលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងចិននិងស៊ែប៊ីដើម្បីកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី ។ លើសពីនេះទៅទៀត ភាគីទាំងពីរក៏បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីករណីនេះ ហើយបានធ្វើការរៀបចំចាត់ចែងដោយគ្រប់ជ្រុងជ្រោយក្នុងច្រើនវិស័យ ។ ប្រទេសស៊ែប៊ីបានក្លាយជាប្រទេសអឺរ៉ុបដំបូងគេបង្អស់ដែលរួមគ្នាកសាងសហគមន៍រួមវាសនាជាមួយប្រទេសចិន ដែលបានឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវលក្ខណៈយុទ្ធសាស្ត្រ លក្ខណៈពិសេសនិងកម្រិតខ្ពស់នៃទំនាក់ទំនងចិន-ស៊ែប៊ី ។

បច្ចុប្បន្ននេះ ប្រទេសចិនកំពុងជំរុញយ៉ាងខ្លាំងក្លានូវកិច្ចកសាងទំនើបកម្មតាមបែបផែនចិន ហើយប្រទេសស៊ែប៊ីក៏កំពុងជំរុញផែនការអភិវឌ្ឍន៍ ដូចជា”ស៊ែប៊ី ២០២៧ –ឆ្ពោះទៅរកអនាគត”ជាដើមផងដែរ ។ សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មីដែលបានប្រកាសដោយប្រទេសទាំងពីរលើកនេះបានឆ្លុះបញ្ចាំងពីទស្សនៈតម្លៃនិងការស្វែងរកគោលដៅរួមគ្នារបស់ភាគីទាំងពីរ ពោលគឺ រួមគ្នាស្វែងរកការអភិវឌ្ឍ ធ្វើកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះនិងធ្វើឱ្យគូភាគីមានភាពកាន់តែប្រសើរឡើង ។

តើត្រូវកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មីតាមរបៀបណា ? លោកប្រធានរដ្ឋចិន Xi Jinping បានសង្កត់ធ្ងន់ថា ភាគីយើងទាំងពីរត្រូវផ្តោតសំខាន់លើលក្ខណៈយុទ្ធសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រកាន់ខ្ជាប់នូវភាពប្រាកដប្រជានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាផ្សព្វផ្សាយភាពច្នៃប្រឌិតថ្មីនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ។ គំនិតផ្តួចផ្តើម ៣ ចំណុចទាំងនេះបានចង្អុលបង្ហាញទិសដៅសម្រាប់ការបង្កើនចំណងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ។

សំដៅចំពោះការប្រាស្រ័យទាក់ទងរវាងចិននិងស៊ែប៊ីនាពេលអនាគត ការគោរពគ្នានិងជឿទុកចិត្តគ្នាទៅវិញទៅមកនៅតែជាមូលដ្ឋានគ្រឹះដដែល ។ ជានិច្ចកាល ប្រទេសចិនតែងតែងគោរពយ៉ាងពេញលេញនូវអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់ប្រទេសស៊ែប៊ី ហើយបាននិងកំពុងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសស៊ែប៊ី ។ ដោយឡែកប្រទេសស៊ែប៊ីគាំទ្រយ៉ាងមុតមាំចំពោះគោលជំហរស្របច្បាប់របស់ចិនលើបញ្ហាដែលពាក់ព័ន្ធដល់ផលប្រយោជន៍ស្នូល ដូចជាតំបន់តៃវ៉ាន់ជាដើមជាប់រហូតមក ។

កិច្ចសហប្រតិបត្តិការដ៏ប្រាដកប្រជាគឺជាគន្លឹះនៃការបង្កើនចំណងមិត្តភាពរវាងចិននិងស៊ែប៊ី ។ លើកនេះ ភាគីទាំងពីរ ចិននិងស៊ែប៊ីបានឯកភាពគ្នាថា មិនត្រឹមតែបន្តធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ដូចជា ពាណិជ្ជកម្មនាំចេញនាំចូល គមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធថាមពលប៉ុណ្ណោះទេ ថែមទាំងក៏នឹងធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យច្នៃប្រឌិតថ្មី ដូចជាភាពវៃឆ្លាតសិប្បនិមិ្មតជាដើមផងដែរ ។

ដើម្បីគាំទ្រកិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងស៊ែប៊ីក្នុងយុគសម័យថ្មី លោកប្រធានរដ្ឋចិន Xi Jinping បានប្រកាសពីវិធានការ ៦ ចំណុចក្នុងដំណាក់កាលដំបូងរបស់ចិនដែលគ្របដណ្តប់លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនជាដើមដែលនឹងបំពេញបន្ថែមនូវកម្លាំងចលករថ្មីសម្រប់កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរទ្វេភាគី ហើយធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងកាន់តែច្រើន ក៏ដូចជាផ្សារភ្ជាប់ដួងចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែស្អិតល្មួត ។

ប្រទេសស៊ែប៊ីមានសុភាសិតមួយដែលលើកឡើងថា៖មិត្តភក្តិគឺជាផ្លែផ្ការរបស់ពេលវេលា ។ បន្ទាប់ពីបានឆ្លងកាត់ការសាកល្បងពីស្ថានការណ៍ប្រែប្រួលអន្តរជាតិឥតឈប់ឈរ ការធ្វើឱ្យ”មិត្តភាពដែកថែប”រវាងចិននិងស៊ែប៊ីឡើងដល់កម្រិតថ្មីថែមមួយកម្រិតទៀត គឺ ចំពេលវេលា ។ ប្រការនេះនឹងជំរុញយ៉ាងខ្លាំងក្លាដល់ដំណើរការធ្វើទំនើបកម្មរៀងៗខ្លួនរបស់ប្រទេសទាំងពីរចិននិងស៊ែប៊ីដែលមានអំណោយផលដល់ការគាំពារសមភាពនិងយុត្តិធម៌អន្តរជាតិ ។ លោកប្រធានាធិបតី Vucic បានថ្លែងថា អនាគតរបស់ស៊ែប៊ីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ។ អាចប៉ាន់ប្រមាណថា “មិត្តភាពដែកថែប”រវាងចិននិងស៊ែប៊ីនឹងបញ្ចេញកម្លាំងរស់រវើកថ្មីក្នុងយុគសម័យថ្មី ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top