បាកដាដៈ កងជីវពលស៊ីអ៊ីតមួយនៅអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ៍ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយន្តហោះដ្រូន និងកាំជ្រួចមីស៊ីលលើទីតាំង៣ នៅភាគខាងត្បូងអ៊ីស្រាអែល។
កងជីវពលដែលត្រូវបានគេស្គាល់ថា ជាក្រុមតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតចំនួនពីរថា យុទ្ធជនរបស់ខ្លួនបានចាប់ផ្តើមការវាយប្រហារដោយយន្តហោះដ្រូន នៅពេលព្រឹកព្រលឹមលើមូលដ្ឋានយោធា Nevatim និងយន្តហោះដ្រូនពីរទៅកាន់ទីតាំងសំខាន់មួយនៅ Eilat ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីទីតាំងជាក់លាក់ ដែលបានកំណត់ ឬការខូចខាតជាលទ្ធផលពីការវាយប្រហារនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ទីបី កងជីវពលបានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារមួយផ្សេងទៀតនៅពេលព្រឹក នៅពេលដែលក្រុមយុទ្ធជនរបស់ខ្លួនបានបាញ់កាំជ្រួចរយៈចម្ងាយឆ្ងាយ al-Arqab ដែលត្រូវបានធ្វើឱ្យប្រសើរឡើងនៅលើកំពង់ផែប្រេង Ashkelon ដោយមិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងជាក់លាក់ ដែលបានកំណត់គោលដៅ ឬជនរងគ្រោះណាមួយឡើយ។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ការវាយប្រហារត្រូវបានធ្វើឡើង “ដោយសាមគ្គីភាពជាមួយប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប” ហើយកងជីវពលបានសន្យាថា នឹងបន្តកំណត់គោលដៅ “បន្ទាយរបស់សត្រូវ” ។
ចាប់តាំងពីមានការផ្ទុះឡើងនៃជម្លោះតំបន់ហ្កាហ្សាកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ កម្លាំងតស៊ូអ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ បានបើកការវាយប្រហារជាច្រើនដងលើមូលដ្ឋានទ័ពអ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅក្នុងតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា