ព័ត៌មានអន្តរជាតិ

គណៈប្រតិភូ ចាកចេញពីទីក្រុងគែរ ដោយបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់នៅតំបន់ហ្គាហ្សា

Afp

គែរ៖ គណៈប្រតិភូនៃក្រុមហាម៉ាស់ អ៊ីស្រាអែល កាតា និងសហរដ្ឋអាមេរិក បានចាកចេញពីប្រទេសអេហ្ស៊ីប កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកិច្ចពិភាក្សាសម្រាប់ការឈានដល់បទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប បានជួបភាពច្របូកច្របល់។

របាយការណ៍នេះបានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ដែលមិនបញ្ចេញឈ្មោះម្នាក់បានឲ្យដឹងថា “គណៈប្រតិភូ ដែលចូលរួមក្នុងកិច្ចពិភាក្សានៅទីក្រុងគែរបានចាកចេញសម្រាប់ការពិគ្រោះយោបល់ ខណៈដែលចំណុចមួយចំនួននៃការខ្វែងគំនិតគ្នានៅតែមិនទាន់ត្រូវបានដោះស្រាយ”។

គណៈប្រតិភូបានមកដល់ទីក្រុងគែរ កាលពីថ្ងៃអង្គារក្នុងគោលបំណង ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សាដែលមានជម្លោះ។ ទោះ​បី​ជា​មាន​ការ​រីក​ចម្រើន​ខ្លះ​ៗ​ក្នុង​ការ​ចរចា ប៉ុន្ដែក៏​មិន​ទាន់​មាន​កិច្ច​ព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​សម្រេច​នោះដែរ។

ក្នុងចំណោមជម្លោះធំៗរវាងភាគីជម្លោះគឺចំនួន និងបញ្ជីឈ្មោះចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវដោះលែងក្រោមកិច្ចព្រមព្រៀងដោះដូរ ក៏ដូចជាបញ្ហាទាក់ទងនឹងការដកផ្នែកខ្លះរបស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ដើម្បីអនុញ្ញាតឱ្យមានចលនាដោយសេរីរបស់ប៉ាឡេស្ទីននៅក្នុងរង្វង់។

កិច្ចពិភាក្សាបានជាប់គាំងនៅពេលដែលយោធាអ៊ីស្រាអែល បើកប្រតិបត្តិការមួយនៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដែលប្រមូលផ្តុំដោយប្រជាជនប៉ាឡេស្ទីនជាង ១លាននាក់ដែលភៀសខ្លួនពីខាងក្នុង ហើយបានកាន់កាប់ភាគីប៉ាឡេស្ទីននៃច្រកឆ្លងកាត់រ៉ាហ្វា ដ៏សំខាន់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top