រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះថា យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយគណៈកម្មាធិការកណ្តាល សម្រាប់ការគ្រប់គ្រង ការប្រើប្រាស់គ្រឿងញៀន ហៅកាត់ (CCDAC) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា អាជ្ញាធរមីយ៉ាន់ម៉ា បានរឹបអូសគ្រាប់ថ្នាំប្រភេទ ដែលធ្វើឲ្យមានសំរើបបានចំនួន៤៥៤.១០០គ្រាប់ នៅភាគខាងជើងរដ្ឋ Kachin របស់ប្រទេសមីយ៉ាន់ម៉ា ។
កងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀន បានស្ទាក់ចាប់រថយន្តបានចំនួន១គ្រឿង នៅក្រុង Mohnyin រដ្ឋ Kachin កាលពីថ្ងៃទី៦ ឧសភា ហើយរឹបអូសបានគ្រឿងញៀន និងទូរស័ព្ទចំនួន៣គ្រឿង ។
គេបានដឹងថា ថ្នាំញៀនដែលរឹបអូសបានមាន តម្លៃជាង៦៨១លាន kyats ស្មើនឹងប្រហែល៣២៤.២៨៥ដុល្លារ ។
គណៈកម្មាធិការ CCDAC បានឲ្យដឹងថា ជនសង្ស័យចំនួន៣នាក់ ត្រូវបានចាប់ខ្លួន ហើយចំពោះករណីនេះ CCDAC បានបញ្ជាក់បន្ថែមថា ពួកគេត្រូវបានចោទប្រកាន់ ក្រោមច្បាប់ស្តីពីគ្រឿងញៀន និងសារធាតុចិត្តសាស្ត្រ របស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ហើយការស៊ើបអង្កេតបន្ថែម កំពុងដំណើរការបន្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា