ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី ពូទីនថា រុស្ស៊ីនឹងព្យាយាមទប់ស្កាត់ កុំឱ្យមានជម្លោះ សកលលោក

បរទេស ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថារបស់លោកទៅកាន់ក្បួនដង្ហែរទិវាជ័យជំនះនៅទីក្រុងមូស្គូ ដោយនិយាយថា រុស្ស៊ីនឹងធ្វើគ្រប់យ៉ាងក្នុងអំណាច របស់ខ្លួនដើម្បីការពារពី “ជម្លោះសកល” ប៉ុន្តែក៏មិនអនុញ្ញាត ឱ្យមានការគំរាមកំហែង ណាមួយមកលើប្រទេសនេះដែរ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ ប្រារព្ធខួបលើកទី ៧៩ នៃជ័យជំនះ លើពួកណាស៊ីអាល្លឺម៉ង់ , លោក ពូទីន បានកត់សម្គាល់ថា យោធារុស្ស៊ី គឺមានការ “ប្រុងប្រយ័ត្នជានិច្ច” និងត្រៀមខ្លួនជាស្រេច ដើម្បីការពារអធិបតេយ្យភាព របស់ប្រទេស។

លោកពូទីនបាននិយាយទៀតថា “លោកខាងលិចចង់បំភ្លេចមេរៀន នៃសង្គ្រាមលោកលើកទី២ ប៉ុន្តែយើងចងចាំថា ជោគវាសនារបស់មនុស្សជាតិ ត្រូវបានសម្រេច នៅក្នុងសមរភូមិដ៏ធំនៅជិតទីក្រុងម៉ូស្គូនិងទីក្រុង Leningrad” ក៏ដូចជាទីក្រុងដទៃទៀត ។ លោកបញ្ជាក់ថា រុស្សីនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីការពារកុំឱ្យមានជម្លោះសកល ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់ មកគំរាមកំហែងយើងឡើយ។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីកំពុង “ឆ្លងកាត់ដំណាក់កាលសំខាន់ដ៏លំបាកមួយ” នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនដោយកត់សម្គាល់ថា ជោគវាសនារបស់ប្រទេសគឺអាស្រ័យលើពលរដ្ឋរុស្ស៊ីគ្រប់រូប។ “យើងប្រារព្ធទិវាជ័យជំនះនេះនៅក្នុងលក្ខខណ្ឌនៃប្រតិបត្តិការយោធាពិសេស – អ្នកចូលរួមទាំងអស់របស់អ្នកដែលនៅជួរមុខ – ពួកគេគឺជាវីរបុរសរបស់យើង។ យើងគោរពការតស៊ូនិងការលះបង់របស់ពួកគេ។ រុស្ស៊ីទាំងអស់នៅជាមួយអ្នក។

មេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ទៀតថា ប្រទេសចងចាំអស់អ្នក ដែលបានបាត់បង់ជីវិត នៅពេលប្រយុទ្ធនឹងពួកណាស៊ីស និងអ្នកដែលបានស្លាប់ ក្នុងអំឡុងជម្លោះអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា

To Top