ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន ចោទសហរដ្ឋអាមេរិកថា បានរំលោភបំពាន មកលើដែនអាកាសរបស់ខ្លួន

Sputnik

កាប៊ុល ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាន រាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា លោក Mawlawi Abdul Kabir ឧបនាយករដ្ឋមន្ត្រី ស្តីទីអាហ្វហ្គានីស្ថាន ទទួលបន្ទុកកិច្ចការនយោបាយ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើដែនអាកាស របស់ប្រទេសខ្លួន ។

សារព័ត៌មាន Tolonews បានដកស្រង់សម្តីលោក Kabir ដែលបានថ្លែងថា ប្រតិបត្តិការយន្តហោះគ្មាន មនុស្សបើករបស់ សហរដ្ឋអាមេរិក គឺជាបញ្ហាមួយ ដោយសារតែអាហ្វហ្គានីស្ថាន មិនមានឧបករណ៍ចាំបាច់ ដើម្បីបញ្ឈប់ប្រតិបត្តិការ របស់សហរដ្ឋអាមេរិក បានឡើយ ។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយឯកជន បានផ្សាយថា មន្ត្រីជាន់ខ្ពស់អាហ្វហ្គានីស្ថាន បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំ សាធារណៈមួយនៅក្នុងខេត្ត Panjshir ដែលស្ថិតនៅភាគខាងកើត កាលពីថ្ងៃព្រហស្បតិ៍ ។

នៅក្នុងជំនួបនោះដែរ លោក Kabir ក៏បានច្រានចោលជំនួយហិរញ្ញវត្ថុ ដែលបានរាយការណ៍ពីក្រុងវ៉ាស៊ីនតោន សម្រាប់ការអនុញ្ញាតឱ្យយន្តហោះ គ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក ល្បាតដែនអាកាស របស់អាហ្វហ្គានីស្ថាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top