ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ អះអាងថា នឹងពិចារណាឡើងវិញ នូវយុទ្ធសាស្ត្រចរចា ជាមួយអ៊ីស្រាអែល

Afp

ហ្គាហ្សាៈ ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការពិគ្រោះយោបល់ជាមួយមេដឹកនាំនៃបក្សពួកប៉ាឡេស្ទីនផ្សេងទៀត ដើម្បីពិចារណាឡើងវិញ នូវយុទ្ធសាស្ត្រចរចារបស់ខ្លួនក្នុងការឈានដល់បទឈប់បាញ់ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងបន្ត។

សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការបដិសេធប្រកបដោយប្រសិទ្ធភាព” របស់អ៊ីស្រាអែល ចំពោះការផ្តល់ជូនបទឈប់បាញ់ បានលុបចោលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឈានដល់បទឈប់បាញ់។

ក្រុមហាម៉ាស់ក៏បានចោទប្រកាន់ភាគីអ៊ីស្រាអែលពីបទ “គេចវេស” កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយលើកឡើងពីការពិតដែលថា អ៊ីស្រាអែលបន្តសកម្មភាពយោធានៅទីក្រុងរ៉ាហ្វា របស់ប៉ាឡេស្ទីន និងបានកាន់កាប់ភាគីប៉ាឡេស្ទីននៃច្រកព្រំដែនរ៉ាហ្វា សូម្បីតែបន្ទាប់ពីក្រុមហាម៉ាស់បានទទួលយកសំណើរបស់អ្នកសម្របសម្រួលក៏ដោយ។

ចលនាហាម៉ាស់ ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបតាំងពីឆ្នាំ២០០៧ បានឲ្យដឹងថាខណៈពេលដែលវា “ជាវិជ្ជមាន” ក្នុងការដោះស្រាយជាមួយនឹងសំណើ ដែលធ្វើឡើងដោយអ្នកសម្របសម្រួលកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក “មេដឹកនាំអ៊ីស្រាអែល បានព្យាយាមធ្វើឲ្យបរាជ័យនូវរាល់កិច្ចខិតខំប្រឹងប្រែងទាំងនោះ” ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ គណៈប្រតិភូក្រុមហាម៉ាស់បានចាកចេញពីរដ្ឋធានីគ៊ែរ របស់ប្រទេសអេហ្ស៊ីប ហើយធ្វើដំណើរទៅកាន់ទីក្រុងដូហារបស់ប្រទេសកាតា បន្ទាប់ពីកិច្ចចរចារយៈពេលបីថ្ងៃបានបរាជ័យក្នុងការបង្កើតលទ្ធផលវិជ្ជមានណាមួយជាមួយអ៊ីស្រាអែល៕ ប្រែសម្រួល ឈូក បូរ៉ា

To Top