ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងច្រកឆ្លងកាត់តំបន់រ៉ាហ្វា ទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌។
លោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយថ្កោលទោសសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ការចូល និងការចែកចាយជំនួយមនុស្សធម៌ ដែលត្រូវការចាំបាច់យ៉ាងខ្លាំងទៅកាន់តំបន់ហ្គាហ្សា។
លោកបានលើកឡើងថា “ការឆ្លងកាត់ដីមួយចំនួនតូចចូលទៅក្នុងហ្គាហ្សា បម្រើជាខ្សែជីវិត សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ផ្សេងទៀតដែលត្រូវតែអនុញ្ញាតឱ្យទៅដល់ប្រជាជន ដែលអស់សង្ឃឹម និងភ័យខ្លាច”។
លោក Turk បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ធានាថាការឆ្លងកាត់ជនស៊ីវិល និងលំហូរនៃទំនិញចាំបាច់ សម្រាប់ការរស់រានមានជីវិតរបស់ជនស៊ីវិលមិនត្រូវបានដាក់ឱ្យមានគ្រោះថ្នាក់ដោយសារតែប្រតិបត្តិការយោធា។
លោកបានសង្កត់ធ្ងន់ថា “ដោយផ្តល់សារៈសំខាន់ជាពិសេសសម្រាប់ជនស៊ីវិលនៅទូទាំងតំបន់ហ្គាហ្សា នៃលំហូរដោយសេរីនៃជំនួយមនុស្សធម៌ ការថែទាំពិសេសត្រូវតែធ្វើឡើងដោយភាគីទាំងពីរ ដើម្បីធានាថាការឆ្លងកាត់ទាំងនេះនៅតែមានសុវត្ថិភាព និងមានមុខងារ ហើយមិនមែនជាគោលដៅផ្ទាល់នៃការវាយប្រហារនោះទេ”៕ ប្រែសម្រួល ឈូក បូរ៉ា