ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីឡើងវិញ នេះបើយោងតាមការិយាល័យសារព័ត៌មាន វិមានក្រឹមឡាំង។
ក្រឹត្យនេះបានឲ្យដឹងថា “ស្របតាមចំណុច ‘a’ នៃមាត្រា ៨៣ នៃរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីតែងតាំងលោក Mikhail Vladimirovich Mishustin ជាប្រធានរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី” ដោយក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខា។
នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋឌូម៉ារបស់រុស្ស៊ី បានអនុម័តការតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គួរបញ្ជាក់ថាលោក Mishustin ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីលើកដំបូងក្នុងឆ្នាំ ២០២០ បន្ទាប់ពីបម្រើការជាប្រធានសេវាពន្ធសហព័ន្ធរុស្ស៊ីពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០២០៕ ប្រែសម្រួល ឈូក បូរ៉ា