ហ្គាហ្សា៖ ប្រភពក្នុងស្រុកមួយបានឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុតរបស់ហ្គាហ្សា នៅថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីកិច្ចចរចា ស្តីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលធ្វើឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍។
ចំនួនអ្នកស្លាប់និងរបួសមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដោយប្រភពបានប្រាប់កាសែតស៊ីនហួក្នុងលក្ខខណ្ឌអនាមិកឲ្យដឹងថា មន្ទីរពេទ្យគុយវ៉ែតក្នុងទីក្រុងរ៉ាហ្វា ត្រូវបានបិទដំណើរការទាំងស្រុង។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា មនុស្សប្រហែល ១១ម៉ឺននាក់បានភៀសខ្លួនចេញពីទីក្រុងរ៉ាហ្វា ក្នុងការស្វែងរកសុវត្ថិភាព ខណៈដែលការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល កាន់តែខ្លាំងឡើងនៅក្នុងទីក្រុង។
ប្រភពបានបន្ថែមថា ១១ ក្នុងចំណោម ៣៤ ចំណុចវេជ្ជសាស្ត្រ UNRWA នៅទីក្រុងរ៉ាហ្វា ត្រូវបានបង្ខំឱ្យបិទ ហើយមណ្ឌលសុខភាពប្រតិបត្តិការចំនួនបី នៅក្នុងតំបន់នេះ កំពុងដំណើរការក្នុងកម្រិតសមត្ថភាពកាត់បន្ថយ៕ ប្រែសម្រួល ឈូក បូរ៉ា