ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន រាយការណ៍​ពី​ការ​ខ្វះខាត ​អគ្គិសនី​ធ្ងន់ធ្ងរ ដោយសារ​ការ​វាយប្រហារ​របស់​រុស្ស៊ី

Afp

គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ប្រទេសនេះស្ថិតក្នុងការខ្វះខាតអគ្គិសនីយ៉ាងខ្លាំង ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី។

ក្រុមហ៊ុន Ukrenergo បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា រោងចក្រថាមពលរបស់ប្រទេសអ៊ុយក្រែន មិនអាចផលិតថាមពលអគ្គិសនីបានដូចមុនពេលការវាយប្រហាររបស់រុស្ស៊ីដែលជាលទ្ធផលនៃការខូចខាតទ្រង់ទ្រាយធំនោះទេ។

ប្រទេសនេះកំពុងអនុវត្តកាលវិភាគកំណត់ថាមពល សម្រាប់អ្នកប្រើប្រាស់ឧស្សាហកម្មចាប់ពីម៉ោង ៦ ល្ងាចតទៅនៅថ្ងៃសុក្រ ដល់ម៉ោង ៧ព្រឹកថ្ងៃសៅរ៍នេះ ដើម្បីទូទាត់ការខ្វះខាតអគ្គិសនីមួយផ្នែក។ ទន្ទឹមនឹងនេះដែរ ខ្លួនក៏បាននិងកំពុងនាំចូលអគ្គិសនីក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះពីបណ្តាប្រទេសសហភាពអឺរ៉ុប ដើម្បីគ្របដណ្តប់ឱនភាពក្នុងស្រុក។

ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារធំៗចំនួនប្រាំរួចមកហើយលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែនក្នុងឆ្នាំនេះ។ យោងតាមអាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា កាលពីថ្ងៃពុធ ប្រទេសរុស្ស៊ី បានបាញ់មីស៊ីលចំនួន ៥៦គ្រាប់ និងយន្តហោះដ្រូនចំនួន ២១គ្រឿង ដែលផ្តោតលើការផលិតថាមពល និងកន្លែងបញ្ជូនថាមពលនៅក្នុងតំបន់ចំនួន ៦ របស់អ៊ុយក្រែន។

ក្រុមហ៊ុន​វារីអគ្គិសនី Ukrhydroenergo របស់​រដ្ឋ​អ៊ុយក្រែន​បាន​បញ្ជាក់ថា រោងចក្រ​វារីអគ្គិសនី​ចំនួន​ពីរ​ត្រូវ​បាន​បញ្ឈប់​ប្រតិបត្តិការ​ដោយសារតែការ​វាយឆ្មក់របស់រុស្ស៊ី៕ ប្រែសម្រួល ឈូក បូរ៉ា

To Top