បរទេស៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានអះអាងកាលពីថ្ងៃសុក្រថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការដើម្បីការពារ “អំពើប្រល័យពូជសាសន៍” របស់ប្រជាជនប៉ាឡេស្ទីន នៅទីក្រុង Rafah ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល នៅភាគខាងត្បូងតំបន់ហ្គាហ្សា។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីផ្នែកសង្គ្រាមរបស់អ៊ីស្រាអែលបានអនុម័ត “ការពង្រីកការវាស់វែង” នៃប្រតិបត្តិការយោធាដែលកំពុងបន្តនៅទីក្រុង Rafah កាលពីថ្ងៃសុក្រ ដោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានសន្យាថា ទីក្រុងហ្សេរុយសាឡឹមខាងលិច នឹងបន្តយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងពួកសកម្មប្រយុទ្ធហាម៉ាស ហើយនឹង “ប្រយុទ្ធដោយក្រចកដៃរបស់យើង” ប្រសិនបើសហរដ្ឋអាមេរិកបញ្ឈប់ការផ្គត់ផ្គង់នៃអាវុធ។
លោក Petro បានសរសេរនៅលើ X (អតីត Twitter) ដោយប្រតិកម្មទៅនឹងការប្រកាសរបស់មេដឹកនាំអ៊ីស្រាអែលថា លោក “Netanyahu នឹងមិនបញ្ឈប់ការប្រល័យពូជសាសន៍ទេ” ។ “នោះមានន័យថា បញ្ជាក់ពីដីកាចាប់ខ្លួនអន្តរជាតិពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិហើយ”។
មេដឹកនាំកូឡុំប៊ីក៏បានបន្តផ្តល់យោបល់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែ “ពិចារណាលើការបង្កើតកងកម្លាំងរក្សាសន្តិភាពនៅក្នុងទឹកដីនៃតំបន់ហ្គាហ្សា” ។
នៅក្នុងសុន្ទរកថាក្នុងទិវាពលកម្មនៅទីក្រុង Bogota កាលពីដើមខែនេះ លោក Petro បានប្តេជ្ញាកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងការដឹកនាំ “ប្រល័យពូជសាសន៍” របស់អ៊ីស្រាអែល ដោយបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាហ្សាដែល “កុមារបានស្លាប់បាត់បង់ជីវិតដោយគ្រាប់បែក”៕ ប្រែសម្រួល: ណៃ តុលា