បរទេស៖ បុរសជនជាតិថៃ ៤នាក់ ត្រូវបានចាប់ខ្លួននៅខេត្ត Nong Khai រួមជាមួយនិងថ្នាំញៀនមេតំហ្វេតាមីន ១.៤០០គីឡូក្រាម ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធពីប្រទេសឡាវ ដែលរឹបអូសដោយប៉ូលិស និងទាហាននៃកងវរសេនាធំ Ranger កាលពីសប្តាហ៍មុន។
យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ ឧត្តមសេនីយ៍ Adul Boonthamcharoen មេបញ្ជាការតំបន់កងទ័ពជើងគោកទី ២ បាននិយាយថា មន្ត្រីបានដឹងថា ជនសង្ស័យបានរត់ពន្ធគ្រឿងញៀនពីប្រទេសជិតខាង ហើយបានលាក់ទុកនៅក្នុងខ្ទមមួយកន្លែងស្ថិតក្នុងសង្កាត់ Ban Muang នៃខេត្ត Nong Khai នៅព្រំដែនភាគឦសានប្រទេសថៃ។
យោងតាមលោក Adul គឺមាន ទាហាន និងប៉ូលិសមូលដ្ឋាន បានឆ្មក់ចូលខ្ទមនោះ កាលពីថ្ងៃសៅរ៍ ដោយបានចាប់ខ្លួនជនសង្ស័យជាអ្នកស្រុក Nong Khai ដែលមានអាយុចន្លោះពី ៣៩ឆ្នាំ ទៅ ៥៤ ឆ្នាំ និងដកហូតបានថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ចំនួន ១៩៨ ដុំទម្ងន់សរុប ១.៤០៤ គីឡូក្រាម។ ថ្នាំនេះមានតម្លៃតាមការប៉ាន់ស្មាន គឺ ២,៥ ពាន់លានបាត។
មន្ត្រីបានពង្រីកការស៊ើបអង្កេត និងឆែកឆេរផ្ទះជនសង្ស័យនៅស្រុក Sangkhom ។ ការឆែកឆេរបានឈានដល់ការរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃប្រមាណ ៧,៥ លានបាត ដែលរួមមានរថយន្តភីកអាប់១គ្រឿង, ត្រាក់ទ័រ ១ គ្រឿង, ម៉ូតូ ២ គ្រឿង, ផ្ទះមួយខ្នងលើផ្ទៃដី ៦៩ ម៉ែត្រការ៉េ (២៧៦ ម៉ែត្រការ៉េ) និងគណនីធនាគារមួយចំនួន។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់ខ្ទមខាងលើសម្រាប់ទុកដាក់ថ្នាំញៀន ដែលពួកគេបានរត់ពន្ធតាមរថយន្តភីកអាប់ ដឹកឆ្លងទន្លេមេគង្គពីប្រទេសឡាវ ក្នុងមួយលើកៗ១០-២០ដុំ មុននឹងដឹកជញ្ជូនទៅឱ្យអ្នកទិញនៅប្រទេសផ្សេង៕ ប្រែសម្រួលៈ ណៃ តុលា