ព័ត៌មានអន្តរជាតិ

Update៖ អ៊ុយក្រែន បើកការវាយប្រហារប្រើមីស៊ីលផ្លោងចំឃ្លាំងស្តុកប្រេងមួយនៅក្រុង Lugansk ស្លាប់មនុស្ស៣នាក់

Afp

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះថា មន្ត្រីនៅក្នុងតំបន់ម្នាក់បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារដោយប្រើមីស៊ីលផ្លោងចំនួន១គ្រាប់ ត្រូចចំឃ្លាំងស្តុកប្រេងចំនួន១កន្លែងក្នុងទីប្រជុំជន Lugansk នៃទីក្រុង Rovenky ដោយបានសម្លាប់មនុស្សអស់ចំនួន៣នាក់ និងបានបង្កឲ្យរបួសចំនួន៨នាក់ផ្សេងទៀត ។

លោក Leonid Pasechnik មេដឹកនាំក្នុងតំបន់ បានសរសេរនៅលើបណ្តាញសង្គម Telegram របស់គាត់ថា “ដូចទៅនឹងការវាយប្រហារនាពេលថ្មីៗនេះមកលើក្រុង Lugansk ដែរ ការវាយប្រហារនៅថ្ងៃនេះមកលើក្រុង Rovenky ត្រូវបានគេសន្មត់ថា ធ្វើឡើងជាមួយនឹងមីស៊ីល ATACMS ដែលផលិតដោយសហរដ្ឋអាមេរិក ដែលបំពាក់ដោយគ្រាប់បែកចង្កោម” ។

ជាលទ្ធផលនៃការវាយប្រហារតាមផ្លូវអាកាសនេះ ដេប៉ូប្រេងត្រូវបានឆាបឆេះ ហើយផ្ទះដែលស្ថិតនៅជុំវិញនោះក៏រងការខូចខាតផងដែរ ។

លោកបានលើកឡើងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣នាក់ហើយ ដោយ៨នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងនោះមាន៦នាក់រងរបួសដោយសារគ្រាប់ផ្ទុះ និង២នាក់ដោយការពុលពីផលិតផលចំហេះ ។

ចំណែកផ្ទះប្រជាពលរដ្ឋ គ្រឿងចក្រកសិកម្ម និងរថយន្តរបស់ជនស៊ីវិលក៏រងការខូចខាតដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top