ព័ត៌មានអន្តរជាតិ

ហ្វីលីពីន បញ្ជូននាវា ទៅកាន់តំបន់កោះជម្លោះ នៅសមុទ្រចិនខាងត្បូង ដោយចោទថា ចិន កំពុងសាងសង់ “កោះសិប្បនិម្មិត”នៅទីនោះ

Afp

ម៉ានីល៖ នៅថ្ងៃសៅរ៍នេះ ប្រទេសហ្វីលីពីនបានឲ្យដឹងថា ខ្លួនបានដាក់ពង្រាយនាវាទៅកាន់តំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង ជាកន្លែងដែលខ្លួនបានចោទប្រកាន់ប្រទេសចិនថា បានសាងសង់ “កោះសិប្បនិមិ្មត” នៅក្នុងជម្លោះដែនសមុទ្រដែលកំពុងកើនឡើងភាពតានតឹងនឹងគ្នា ។

ការិយាល័យរបស់ប្រធានាធិបតី Ferdinand Marcos Jr បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឆ្មាំឆ្នេរសមុទ្របានបញ្ជូនកប៉ាល់មួយ “ដើម្បីត្រួតពិនិត្យសកម្មភាពខុសច្បាប់របស់ប្រទេសចិន ដែលបង្កើត “កោះសិប្បនិម្មិត” ។

លោក Commodore Jay Tarriela អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានប្រាប់ដល់វេទិកាមួយយ៉ាងដូច្នេះថា មាន “ការទាមទារឡើងវិញជាទ្រង់ទ្រាយតូច” នៃកោះ Sabina Shoal ដែលក្រុងម៉ានីលហៅថា Escoda ហើយថា ប្រទេសចិនគឺជា “តួអង្គនៅក្នុងរឿងនេះ” ។

ស្ថានទូតចិនប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការអះអាងរបស់ហ្វីលីពីន ដែលអាចធ្វើឲ្យមានភាពស៊ីជម្រៅនៃជម្លោះទ្វេភាគីនេះ បានទេ។

កាលពីថ្ងៃសុក្រ ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បានអំពាវនាវឲ្យធ្វើការបណ្តេញអ្នកការទូតចិន ជុំវិញការបែកធ្លាយការសន្ទនាតាមទូរស័ព្ទជាមួយឧត្តមនាវីហ្វីលីពីនអំពីជម្លោះដែនសមុទ្រ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top