កាប៊ុល៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានចុះផ្សាយថា យោងតាមការិយាល័យទទួលបន្ទុកកិច្ចការកម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ថា WFP ប្រចាំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងមន្ត្រីអាហ្វហ្គានីស្ថាននៅក្នុងតំបន់បានឲ្យដឹងថា មនុស្សលើសពី៣៣០នាក់បានស្លាប់ ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ដែលបានវាយប្រហារផ្នែកសំខាន់ៗនៃខេត្ត Baghlan, Takhar, Badakhshan និង Ghor នៃប្រទេសអាហ្វហ្គានីស្ថាន ។
ទីភ្នាក់ងារអង្គការសហប្រជាជាតិខាងលើនេះបានឲ្យដឹងកាលពីថ្ងៃសៅរ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា មនុស្សជាង៣០០ នាក់ត្រូវបានស្លាប់នៅក្នុងខេត្ត Baghlan ដែលស្ថិតនៅភាគខាងជើង ជាមួយគ្នានេះដែរមានផ្ទះជាង១.០០០ខ្នងត្រូវបានបំផ្លាញ។
អង្គការដដែលនេះបានឲ្យដឹងទៀតថា “ឥឡូវនេះ WFP កំពុងចែកនំប៉័ងដល់អ្នកនៅរស់រានមានជីវិត” ។
កាលពីថ្ងៃសៅរ៍ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា មនុស្សតិចបំផុត១៦០នាក់បានស្លាប់ និង១១៧នាក់ផ្សេងទៀតបានរងរបួស ដោយសារព្យុះភ្លៀង និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗដែលបានវាយប្រហារផ្នែកសំខាន់ៗនៃខេត្ត Baghlan, Takhar, Badakhshan និង Ghor នៃប្រទេសអាហ្វហ្គានីស្ថានដោយបំផ្លិចបំផ្លាញដោយសារសង្រ្គាមនាពេលកន្លងមក ។
អាហ្វហ្គានីស្ថានបាននិងកំពុងជួបប្រទះភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានគ្រោះទឹកជំនន់ នៅក្នុងខែមុន ដែលនាំឱ្យមានមនុស្សស្លាប់ និងការខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា