បរទេស៖ អ្នកទេសចរចំនួន ៥២នាក់ក្នុងក្រុមដែលមានមនុស្ស ៧៥០នាក់ ដែលកំពុងធ្វើវិស្សមកាលនៅភាគខាងត្បូងខេត្ត Binh Thuan ប្រទេសវៀតណាម ប្រហែលជាបានទទួលរងការពុលអាហារបន្ទាប់ពីទទួលទានអាហារសមុទ្រនៅភោជនីយដ្ឋានមួយ និងបានជប់លៀងផឹកស៊ីនៅឆ្នេរសមុទ្រ។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមន្ទីរសុខាភិបាលខេត្ត Binh Thuan បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមអ្នកទេសចរមកពីភាគខាងត្បូងប្រទេសវៀតណាម បានស្នាក់នៅរមណីយដ្ឋានឆ្នេរមួយក្នុងទីក្រុង Phan Thiet ។ ដំណើរកម្សាន្តរបស់ពួកគេត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក។
ពួកគេបានញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋាន Hong Vinh កាលពីថ្ងៃអាទិត្យ ចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីកន្លែងដែលពួកគេស្នាក់នៅ។ មុខម្ហូបរួមមាន អយស្ទ័រ ក្តាម ត្រី មឹក និងអាហារផ្សេងៗទៀត។ ក្រុមព្នកទេសចរបានត្រឡប់មកសណ្ឋាគារវិញដើម្បីសម្រាកនៅម៉ោងប្រហែល ៩ និង ៣០ នាទីយប់។ ពួកគេខ្លះទៅឆ្នេរសម្រាប់ជប់លៀងពេលយប់ ដោយបានកុម្ម៉ង់បង្គា និងអាហារផ្សេងៗ។
នៅព្រឹកថ្ងៃច័ន្ទ មនុស្សមួយចំនួនចាប់ផ្តើមបង្ហាញរោគសញ្ញាដូចជា ឈឺពោះ ចង្អោរ និងរាគ។ ជាច្រើននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ករណីទី១ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Ham Tien ក្នុងទីក្រុងនៅម៉ោងប្រហែល ៧ និង៣០នាទីព្រឹក ហើយអ្នកផ្សេងទៀតបានមកដល់គ្លីនិកតំបន់ Mui Ne និងមន្ទីរពេទ្យទូទៅ Binh Thuan។
គិតត្រឹមរសៀលថ្ងៃចន្ទនេះ មនុស្ស៥២នាក់ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ការធ្វើរោគវិនិច្ឆ័យដំបូងគឺការពុលអាហារ។ អ្នកជំងឺទាំងអស់ដឹងខ្លួន និងមានស្ថេរភាព។ គិតត្រឹមរសៀល មានមនុស្ស ៣២ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហើយ ២០ នាក់ទៀត ត្រូវបានគេរំពឹងថានឹងចេញពីមន្ទីរពេទ្យនៅថ្ងៃអង្គារ។
មន្ទីរសុខាភិបាលខេត្ត Binh Thuan កំពុងផ្ទៀងផ្ទាត់ព័ត៌មាន និងយកសំណាក ដើម្បីរកមូលហេតុនៃឧបទ្ទវហេតុពុលអាហារនេះ។
ករណីពុលអាហារជាច្រើនត្រូវបានរាយការណ៍នៅក្នុងមូលដ្ឋានមួយចំនួន រួមមាន Nha Trang, Dong Nai និង HCMC នាពេលថ្មីៗនេះ។ អ្នកជំនាញព្រមានពីហានិភ័យខ្ពស់នៃការពុលអាហារ ដោយសារសីតុណ្ហភាពខ្ពស់ ជាពិសេសអាហារតាមចិញ្ចើមផ្លូវ៕ប្រែសម្រួលៈ ណៃ តុលា