ហ្គាហ្សា៖ ការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល បានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ និងម្នាក់ទៀត រងរបួសកាលពីថ្ងៃចន្ទ នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បុគ្គលិករបស់អង្គការសហប្រជាជាតិ កំពុងធ្វើដំណើរក្នុងយានជំនិះ របស់អង្គការសហប្រជាជាតិ ហើយមានទង់ជាតិ និងសញ្ញាសម្គាល់ របស់អង្គការសហប្រជាជាតិ នៅពេលពួកគេត្រូវបានវាយប្រហារ។
ការស្លាប់របស់បុគ្គលិកអង្គការសហប្រជាជាតិ ត្រូវបានបញ្ជាក់ដោយអង្គការសហប្រជាជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងកាលពីថ្ងៃចន្ទក្នុង សេចក្តីថ្លែងការណ៍មួយថា លោកមានការសោកស្ដាយជាខ្លាំង ដែលបានដឹងពីការស្លាប់របស់ បុគ្គលិកនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខ (DSS) របស់អង្គការសហប្រជាជាតិ និងការរងរបួសដល់បុគ្គលិក DSS ម្នាក់ទៀត នៅពេលដែលរថយន្តរបស់អង្គការសហប្រជាជាតិ របស់ពួកគេត្រូវបានវាយប្រហារ។ ពួកគេបានធ្វើដំណើរទៅកាន់មន្ទីរពេទ្យអឺរ៉ុបក្នុងក្រុងរ៉ាហ្វា នៅព្រឹកនោះ”។
ដោយផ្ញើសាររំលែកទុក្ខដល់ ក្រុមគ្រួសាររបស់បុគ្គលិក អង្គការសហប្រជាជាតិ ដែលបានធ្លាក់ស្លាប់ និងរបួសលោកបានថ្កោលទោស រាល់ការវាយប្រហារលើ បុគ្គលិកអង្គការសហប្រជាជាតិ ហើយបានអំពាវនាវឲ្យមានការ ស៊ើបអង្កេតពេញលេញលើករណីនេះ។
ទន្ទឹមនឹងនេះ វិទ្យុសាធារណៈអ៊ីស្រាអែល បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល កំពុងស៊ើបអង្កេតឧប្បត្តិហេតុបាញ់ប្រហារ លើរថយន្តរបស់អង្គការសហប្រជាជាតិ ដោយបង្ហាញថាប្រភពនៃអគ្គិភ័យនេះ មិនទាន់ដឹងនៅឡើយទេ ៕
ប្រែសម្រួល ឈូក បូរ៉ា