ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្ដែងការសោកស្ដាយ ចំពោះការស្លាប់របស់បុគ្គលិកសន្តិសុខ អង្គការសហប្រជាជាតិ នៅតំបន់ហ្គាហ្សា

Xinhua

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានទុក្ខសោកយ៉ាងខ្លាំង ចំពោះការស្លាប់របស់បុគ្គលិកនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខអង្គការសហប្រជាជាតិ (DSS) និងការរងរបួសដល់បុគ្គលិក DSS ម្នាក់ទៀតនៅក្នុងការវាយប្រហារនៅតំបន់ហ្គាហ្សា។

លោក Farhan Haq អ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅព្រឹកថ្ងៃចន្ទ នៅពេលដែលរថយន្ត ដែលមានសញ្ញាសម្គាល់អង្គការសហប្រជាជាតិ របស់ពួកគេត្រូវបានវាយប្រហារ ខណៈដែលពួកគេកំពុងធ្វើដំណើរទៅកាន់មន្ទីរពេទ្យអឺរ៉ុប ក្នុងទីក្រុងរ៉ាហ្វា។

ការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែល បានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ និងម្នាក់ទៀត រងរបួសកាលពីថ្ងៃចន្ទ នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា បុគ្គលិករបស់អង្គការសហប្រជាជាតិ កំពុងធ្វើដំណើរក្នុងយានជំនិះរបស់អង្គការសហប្រជាជាតិ ហើយមានទង់ជាតិ និងសញ្ញាសម្គាល់របស់អង្គការសហប្រជាជាតិនៅពេលពួកគេត្រូវបានវាយប្រហារ។

ការស្លាប់របស់បុគ្គលិកអង្គការសហប្រជាជាតិត្រូវបានបញ្ជាក់ដោយអង្គការសហប្រជាជាតិ។  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងកាលពីថ្ងៃចន្ទក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមានការសោកស្ដាយជាខ្លាំង ដែលបានដឹងពីការស្លាប់របស់បុគ្គលិកនាយកដ្ឋានសុវត្ថិភាព និងសន្តិសុខ (DSS) របស់អង្គការសហប្រជាជាតិ និងការរងរបួសដល់បុគ្គលិក DSS ម្នាក់ទៀត នៅពេលដែលរថយន្តរបស់អង្គការសហប្រជាជាតិរបស់ពួកគេត្រូវបានវាយប្រហារ។  ពួក​គេ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរពេទ្យ​អឺរ៉ុប​ក្នុង​ក្រុងរ៉ាហ្វា នៅ​ព្រឹក​នោះ”។

ដោយ​ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​របស់​បុគ្គលិក​អង្គការ​សហ​ប្រជាជាតិ ដែល​បាន​ធ្លាក់​ស្លាប់ និងរបួសលោក​បាន​ថ្កោល​ទោស​រាល់​ការ​វាយ​ប្រហារ​លើ​បុគ្គលិក​អង្គការ​សហ​ប្រជាជាតិ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ពេញលេញលើករណីនេះ។

ទន្ទឹមនឹងនេះ វិទ្យុសាធារណៈអ៊ីស្រាអែល បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល កំពុងស៊ើបអង្កេតឧប្បត្តិហេតុបាញ់ប្រហារលើរថយន្តរបស់អង្គការសហប្រជាជាតិ ដោយបង្ហាញថាប្រភពនៃអគ្គិភ័យនេះមិនទាន់ដឹងនៅឡើយទេ៕ប្រែសម្រួល ឈូក បូរ៉ា

To Top