ព័ត៌មានអន្តរជាតិ

ខុនដូ ១០.០០០ យូនីត, មានតែ ១,៦ភាគរយប៉ុណ្ណោះ ត្រូវបានលក់ចេញ ក្នុងត្រីមាសទី១ ក្នុងប្រទេសវៀតណាម

VN Express

បរទេស៖ យោងតាមអ្នកស្រាវជ្រាវទីផ្សារ DKRA Group បានឱ្យដឹងថា ៩០ភាគរយនៃគម្រោងខុនដូក្នុងប្រទេសវៀតណាមបានកត់ត្រាថា មិនមានការលក់ដាច់នោះទេនៅក្នុងត្រីមាសទី១ ដោយសារតម្រូវការបានធ្លាក់ចុះដល់កម្រិតទាបក្នុងរយៈពេលប្រាំឆ្នាំ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា របាយការណ៍ថ្មីមួយដោយក្រុមនេះបាននិយាយថា បើទោះបីជាខុនដូថ្មីចំនួន ៤.៨០០ យូនីត (units) ត្រូវបានដាក់ឱ្យដំណើរការក៏ដោយ ប៉ុន្តែមានតែ ៦៤ ឬ ១ភាគរយ ប៉ុណ្ណោះដែលត្រូវបានលក់។

units ថ្មី ភាគច្រើនបានមកពីគម្រោងដែលមានស្រាប់នៅភាគកណ្តាល និងភាគខាងត្បូងវៀតណាម៖ ខេត្ត Quang Nam, ខេត្ត Binh Dinh, ខេត្ត Khanh Hoa, Binh Thuan និង ខេត្ត Ba Ria-Vung Tau។

របាយការណ៍មួយទៀតរបស់សមាគមអ្នកអចលនទ្រព្យវៀតណាម បានបង្ហាញថា ក្នុងត្រីមាសទីមួយ គឺមាន ខុនដូ ១០.០០០ យូនីត ត្រូវបានដាក់ឱ្យដំណើរការ ប៉ុន្តែមានតែ ១,៦ភាគរយ ប៉ុណ្ណោះដែលត្រូវបានលក់ចេញ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃនៅតែមានកម្រិតខ្ពស់ជាមធ្យម ១៨០ លានដុងក្នុងមួយម៉ែត្រការ៉េ នៅតំបន់ភាគកណ្តាល និង ១៥៥ លានដុង នៅភាគខាងត្បូង។

លោក Mauro Gasparotti នាយកក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills Hotels Asia-Pacific បាននិយាយថា តម្រូវការខុនដូបានកើនឡើងក្នុងកំឡុងឆ្នាំ ២០១៦-២០១៩ នៅពេលដែលយូនីតថ្មីចំនួន ១២.០០០ ត្រូវបានបើកដំណើរការជារៀងរាល់ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍ភាគច្រើនផ្តោតលើការលក់ផលិតផលរបស់ពួកគេដោយមិនខ្វល់ពីបទពិសោធន៍របស់អតិថិជន ដោយលោកបានលើកហេតុផលថា នេះជាមូលហេតុដែលការលក់ឥឡូវនេះមានកម្រិតទាប ជាពិសេសនៅលើកោះ Phu Quoc នៅភាគខាងត្បូង។

លោកបានបន្ថែមថា គម្រោងខុនដូនៅវៀតណាមត្រូវបានសាងសង់ដោយគុណភាពទាប និងខ្វះការច្នៃប្រឌិតក្នុងការរចនា៕ប្រែសម្រួលៈ ណៃ តុលា

To Top