បេរូត៖ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានឲ្យដឹងថា ក្រុមរបស់លោកនឹងបន្តការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែល ក្នុងការគាំទ្រតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ក្នុងស្រុក al-Manar ។
នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ លោក Nasrallah បានឲ្យដឹងថា ផ្នែកខាងមុខនៃការប្រយុទ្ធរបស់ក្រុមហេសបូឡា និងអ៊ីស្រាអែល ដើរតួយ៉ាងសំខាន់ក្នុង “ការគាបសង្កត់សត្រូវឱ្យបញ្ឈប់សង្គ្រាមប្រឆាំងនឹងតំបន់ហ្គាហ្សា ដោយប្តេជ្ញាបន្ត និងបង្កើនការគាំទ្រ សម្រាប់តំបន់ហ្គាហ្សា ពីរណសិរ្សតស៊ូនៅលីបង់” ។
លោកក៏បាននិយាយទៅកាន់អ្នកតាំងលំនៅអ៊ីស្រាអែល ដែលរស់នៅភាគខាងជើងអ៊ីស្រាអែលនៅជិតព្រំដែនលីបង់ ដោយស្នើឱ្យពួកគេអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែល “បញ្ឈប់សង្គ្រាម” លើតំបន់ហ្គាហ្សា ប្រសិនបើពួកគេចង់ត្រលប់ទៅផ្ទះវិញមុនពេលរដូវស្លឹកឈើជ្រុះមកដល់។
លោកបានលើកឡើងថា “ប្រសិនបើស្ថានការណ៍នៅតែបន្តកើតមាននៅភាគខាងជើង អ្នកត្រូវតែនៅក្នុងជម្រកផ្លាស់ទីលំនៅរបស់អ្នក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការរារាំងនៃគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ឆ្ពោះទៅរកអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីមួយថ្ងៃមុន បន្ទាប់មក អ៊ីស្រាអែលបានសងសឹកដោយការបាញ់កាំភ្លើងធំទៅកាន់ភាគអាគ្នេយ៍ប្រទេសលីបង់៕ប្រែសម្រួល ឈូក បូរ៉ា