បរទេស៖ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong កាលពីថ្ងៃទី ១៣ ឧសភា បានដាក់ពាក្យលាលែងពីតំណែងទៅប្រធានាធិបតី Tharman Shanmugaratnam ដោយនិយាយថា លោក និងរដ្ឋាភិបាលរបស់លោកនឹងលាលែងពីតំណែងនៅថ្ងៃទី ១៥ ខែឧសភា។
យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ, លោក Lee បាននិយាយនៅក្នុងសំបុត្រថា លោកបានណែនាំប្រធានាធិបតីឱ្យអញ្ជើញលោក Lawrence Wong ឱ្យបង្កើតរដ្ឋាភិបាលបន្ទាប់។ ប្រធានាធិបតី គឺលោក Tharman Shanmugaratnam បានទទួលយកការលាលែងពីតំណែងរបស់លោក Lee ហើយបាននិយាយថា លោកនឹងតែងតាំងលោក Wong ជានាយករដ្ឋមន្ត្រី។
លោក Gan Kim Yong និង Heng Swee Keat នឹងក្លាយជាឧបនាយករដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលថ្មី, នេះបើតាមលោក Wong បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោក Gan នឹងនៅតែជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ហើយជំនួសលោក Wong ជាប្រធានអាជ្ញាធររូបិយវត្ថុសិង្ហបុរី។
លោក Lee Hsien Loong និង Teo Chee Hean នឹងក្លាយជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មីនេះ, លោក Wong ដែលនឹងបន្តធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុ។ប្រែសម្រួលៈ ណៃ តុលា