បរទេស៖ វិមានក្រឹមឡាំង បានប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងធ្វើដំណើរទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ ដើម្បីជួបសមភាគីចិន លោកប្រធានាធិបតី ស៊ី ជីនពីង។ វានឹងជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់មេដឹកនាំរុស្ស៊ីក្នុងអាណត្តិប្រធានាធិបតីថ្មីរបស់លោក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ វិមានក្រឹមឡាំងបាននិយាយថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋតបតាមការអញ្ជើញរបស់មេដឹកនាំចិន គ្រោងធ្វើឡើងនៅថ្ងៃទី ១៦-១៧ ខែឧសភា។ ក្នុងអំឡុងកិច្ចប្រជុំកំពូលនោះ គឺ មេដឹកនាំទាំងពីរនឹងពិភាក្សាយ៉ាងលម្អិតអំពីបញ្ហាទាំងមូលនៃទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងយុទ្ធសាស្ត្រអន្តរកម្ម” រវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ក៏ដូចជាកំណត់ទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍបន្ថែមទៀតនៃទំនាក់ទំនងរុស្ស៊ី-ចិន។
វិមានក្រឹមឡាំងបានបន្ថែមថា លោក ពូទីន និងលោក ស៊ី ក៏នឹងពិភាក្សាអំពី “បញ្ហាអន្តរជាតិ និងតំបន់ដែលក្តៅបំផុត” ។ សេចក្តីប្រកាសបាននិយាយថា មេដឹកនាំត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម និងឯកសារទ្វេភាគីមួយចំនួន ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
មេដឹកនាំរុស្ស៊ីក៏នឹងជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដែលជាមន្ត្រីជាន់ខ្ពស់លំដាប់ទីពីរនៅក្នុងប្រទេសចិន។ កិច្ចប្រជុំនេះនឹងផ្តោតលើពាណិជ្ជកម្មទ្វេភាគី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងមនុស្សធម៌។
លើសពីនេះ លោក ពូទីន និងលោក ស៊ី នឹងចូលរួមក្នុងពិធីជប់លៀងរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ក៏ដូចជាការបើកឆ្នាំវប្បធម៌រុស្ស៊ី-ចិនផងដែរ។
ប្រធានាធិបតីរុស្ស៊ីក៏នឹងទៅទស្សនាទីក្រុងហាប៊ីននៅភាគឦសានប្រទេសចិន ដែលត្រូវបានបង្កើតឡើងដោយអ្នកតាំងលំនៅរុស្ស៊ីនៅចុងសតវត្សទី១៩ ។ នៅទីនោះ លោកនឹងចូលរួមក្នុងពិធីបើកពិព័រណ៍រុស្ស៊ី-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ឧសភា។ លោកពូទីនក៏នឹងត្រួតពិនិត្យការបើកវេទិការុស្ស៊ី-ចិនស្តីពីកិច្ចសហប្រតិបត្តិការអន្តរតំបន់ និងជួបជាមួយនិស្សិត និងសាស្រ្តាចារ្យនៃ វិទ្យាស្ថានបច្ចេកវិទ្យាហាប៊ីន៕ប្រែសម្រួលៈ ណៃ តុលា