ព័ត៌មានអន្តរជាតិ

លោក ពូទីន នឹងធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅប្រទេសចិន ចាប់ពីថ្ងៃព្រហស្បតិ៍

kyodo

ប៉េកាំង៖ ប្រទេសទាំងពីរបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅប្រទេសចិនចាប់ពីថ្ងៃព្រហស្បតិ៍នេះ តាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ។

យោងតាមវិមានក្រឹមឡាំងបានឱ្យដឹងថា លោកពូទីនដែលនឹងធ្វើដំណើរទៅក្រៅប្រទេសជាលើកដំបូងចាប់តាំងពីអាណត្តិទីប្រាំរបស់លោកបានចាប់ផ្តើមកាលពីសប្តាហ៍មុននឹងជួបជាមួយលោក ស៊ី និងនាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ហើយថែមទាំងធ្វើទស្សនកិច្ចនៅក្រុងហាប៊ីន ក្នុងខេត្ត Heilongjiang ភាគឦសានប្រទេសចិន ដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Tass របស់រុស្ស៊ីបានចុះផ្សាយថា មេដឹកនាំទាំងពីរនឹងចូលរួមពិធីរំលឹកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតទ្វេភាគីនៅឆ្នាំនេះ និងចុះហត្ថលេខាលើឯកសារមួយចំនួន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងនៅក្នុងសន្និសីទកាសែតនៅទីក្រុងប៉េកាំងថា មេដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ក៏ដូចជាបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក។

លោក ស៊ី និងលោក ពូទីន បានជួបគ្នាដោយផ្ទាល់ពីរដងកាលពីឆ្នាំមុន ដោយប្រទេសរបស់ពួកគេបានពង្រឹងទំនាក់ទំនងក្នុងការផ្លាស់ប្តូរមួយដើម្បីរួមគ្នាប្រឆាំងនឹងសណ្តាប់ធ្នាប់អន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ហើយចិន​ប្រឆាំង​នឹង​ទណ្ឌកម្ម​លោកខាងលិច​លើ​ក្រុង​ម៉ូស្គូ ជុំវិញ​សង្រ្គាម​អ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top