ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតី វេណេស៊ុយអេឡា ថ្កោលទោសទណ្ឌកម្ម ឯកតោភាគី របស់អាមេរិកថា ជាទម្រង់ថ្មី នៃរបបអាណានិគមនិយម

Xinhua

ការ៉ាកាស ៖ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez បានថ្កោលទោសទណ្ឌកម្មឯកតោភាគី ដែលដាក់ដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតថាជា “យន្តការថ្មី នៃលទ្ធិអាណានិគមនិយម” ។

លោកស្រី Rodriguez បានប្រាប់សិក្ខាសាលាថ្នាក់តំបន់ Caribbean នៃគណៈកម្មាធិការពិសេសអង្គការ សហប្រជាជាតិ ស្តីពីការបំបែកអាណានិគម ដែលបានបើកកាលពីថ្ងៃអង្គារ ក្នុងរដ្ឋធានីការ៉ាកាស របស់ប្រទេសវេណេស៊ុយអេឡាថា “ទណ្ឌកម្ម គឺរួមជាមួយ នឹងសង្រ្គាម ដែលជាអ័ក្សកណ្តាល នៃគោលនយោបាយការបរទេស របស់សហរដ្ឋអាមេរិក”។

លោកស្រី​បាន​លើកឡើងថា គោលនយោបាយ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​ក្នុង​តំបន់​ដូច​ជា គុយបា នីការ៉ាហ្គា និង​វេណេស៊ុយអេឡា និង​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯង។

លោកស្រី​បាន​បន្ត​ថា “វា​ជា​រឿង​អាម៉ាស់​អន្តរជាតិ ​ដែល​ក្នុង​សតវត្សរ៍​ទី ២១ គោលបំណង​គឺ​ដើម្បី​គ្រប់គ្រង​ប្រទេស​តាមរយៈ​យន្តការ​នៃ​ទណ្ឌកម្ម​សេដ្ឋកិច្ច​” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អនុប្រធានាធិបតីរូបនេះ បានបន្ដថា ប្រទេសវេណេស៊ុយអេឡា ត្រូវបានទទួលរងនូវវិធានការបង្ខិតបង្ខំឯកតោភាគី ឬទណ្ឌកម្មស្ទើរតែមួយពាន់ ក្នុងគោលបំណងដើម្បី “ផ្លាស់ប្តូរដំណើរនៃឯករាជ្យភាព និងការសម្រេចចិត្តដោយខ្លួនឯង”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top