ព័ត៌មានអន្តរជាតិ

ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល សម្លាប់មនុស្ស ៤០នាក់ នៅក្នុងជំរុំជនភៀសខ្លួន ភាគកណ្ដាលតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ ទូរទស្សន៍ប៉ាឡេស្ទីនបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៤០ នាក់បានស្លាប់ និងផ្សេងទៀតបានរងរបួសបន្ទាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃច័ន្ទ ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅលើជំរុំជនភៀសខ្លួន Nuseirat នៅកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។

យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើអគារលំនៅដ្ឋាន ដែលជាកម្មសិទ្ធិរបស់គ្រួសារ Karaja នៅភាគខាងត្បូងនៃជំរុំ Nuseirat ដោយមានក្មេងៗក្នុងចំណោមអ្នកស្លាប់។

កង​ទ័ព​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​ជំរំ Nuseirat ម្តង​ហើយ​ម្តង​ទៀត។ នៅក្នុងការវាយប្រហារនាពេលថ្មីៗនេះ នៅចុងខែមេសា យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានកំណត់គោលដៅលើផ្ទះដែលមានប្រជាជននៅក្នុងជំរុំជនភៀសខ្លួន ជាមួយនឹងកាំជ្រួចជាច្រើនគ្រាប់ ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៩នាក់ រួមទាំងកុមារ ៤នាក់ និងរបួស ៣០នាក់ផ្សេងទៀត។

គួរបញ្ជាក់ថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងលើសពី ៣៥,០០០នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា៕ ប្រែសម្រួល ឈូក បូរ៉ា

To Top